[ទីផ្សារបរទេស] ការគាស់រលើងមកវិញនូវម៉ាក Hummer ក្នុងនាមជាម៉ាករថយន្តអគ្គិសនីប្រណីតមួយរបស់ក្រុមហ៊ុន GMC បានក្លាយជាគំនិតដ៏ល្អមួយ ដោយទទួលបានលទ្ធផលលើសពីការរំពឹងទុក។
តម្រូវការសម្រាប់ GMC Hummer EV Pickup និង the GMC Hummer EV SUV មានខ្លាំងក្លាមែនទែន ដែលបានធ្វើឲ្យ GMC បិទលែងទទួលការកក់ទិញក្រោយពីការកក់ទិញមានលើសពី ៩ម៉ឺនគ្រឿង។
ចំនួនកក់នេះគឺជាចំនួនដ៏ធំសម្បើមមួយ បើប្រៀបធៀបទៅនឹងរថយន្តចំនួន ៧៨៣គ្រឿង ដែលបានដឹកជញ្ជូននៅចន្លោះខែធ្នូ ឆ្នាំ២០២១ និងខែកញ្ញា ឆ្នាំ២០២២។
បើតាមការចុះផ្សាយរបស់ GM Authority បានឲ្យដឹងពីការលើកឡើងរបស់អនុប្រធានក្រុមហ៊ុន Buick និង GMC ថា រថយន្តអគ្គិសនី Hummer បានលក់ដាច់អស់គ្មានសល់សម្រាប់រយៈពេលពីរឆ្នាំ ឬអាចច្រើនជាងនេះទៅទៀត។
បើសន្និដ្ឋានថាចំនួនកក់ក្លាយជាចំនួនកុម្ម៉ង់ទិញគឺមានន័យថាប្រមាណ ៤៥ ០០០គ្រឿង ក្នុងមួយឆ្នាំ ហើយគេពិបាកនិយាយណាស់ថា GMC អាចផលិតរថយន្ត Hummer អគ្គិសនីបានច្រើនកម្រិតណានៅឆ្នាំ២០២៣៕