ក្រុមហ៊ុនបារាំង Peugeot បានដាក់ដំណើរការជាផ្លូវការនូវសាខាថ្មីឈ្មោះថា Peugeot Sport Engineered (PSE) ជាមួយនឹងការបង្ហាញចេញរថយន្តថ្មីម៉ូដែល 508 PSE ប្រភេទ Plug-in Hybrid។
រថយន្ត 508 PSE ប្រភេទ Plug-in Hybrid ធ្លាប់បានបង្ហាញមុខក្នុងនាមជារថយន្ត Concept នៅកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ឆ្នាំមុន ដែលវាគឺជារថយន្តកម្លាំងជាងគេដែល Peugeot បានផលិត។
រថយន្ត 508 PSE មួយប្រភេទនេះ មានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ អមដោយម៉ូទ័រអគ្គិសនីពីរ ប្រើប្រអប់លេខអូតូ៨វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន ដែលវាអាចផលិតកម្លាំងសរុបបាន ៣៥៥សេះ។
ជាលទ្ធផលរថយន្តនេះអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេលត្រឹម ៥,២វិនាទី ហើយការជាន់ពី ៨០-១១៩គ.ម/ម៉ ចំណាយពេលត្រឹម ៣វិនាទី ជាមួយល្បឿនអតិបរមាគឺបានកំណត់នៅត្រឹម ២៥០គ.ម/ម៉។ ចំពោះកម្រិតស៊ីប្រេងជាមធ្យមគឺស៊ីប្រេង ២លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
គួរដឹងថារថយន្ត 508 PSE នេះនឹងមានដាក់លក់នៅតាមហាងនៅឆមាសទីមួយនៃឆ្នាំ ២០២១ ដែលមិនទាន់មានការបញ្ជាក់អំពីតម្លៃនៅឡើយទេ៕