នេះហើយជាហេតុផលនាយកប្រតិបត្តិ Volkswagen Group ត្រូវបញ្ឈប់ពីតំណែង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

[ទីផ្សារបរទេស] ការសម្រេចចិត្តរបស់ Volkswagen Group ក្នុងការដកតំណែងលោក Herbert Diess ពី​តំណែង​ប្រធាន​នៃ​ក្រុម​ប្រឹក្សាភិបាលកាលពី​សប្ដាហ៍មុន បានបង្កជាភាពភ្ញាក់ផ្អើលមួយ ប៉ុន្តែ​ធាតុពិតលោកត្រូវបាន​ដក​ទំនួល​ខុស​ត្រូវ​លើ​មុខ​តំណែងតាំងពីខែធ្នូ ឆ្នាំ​២០២១។

លោក Herbert Diess បាន​គ្រប់គ្រងអាជីវកម្មផ្នែក Software របស់ Volkswagen Group ដែល​មាន​ឈ្មោះ​ថា CARIAD តាំងពីពេលដែលអាជីវកម្មនេះបើកដំណើរការ ហើយ​ប្រតិបត្តិការដែលមានលទ្ធផល​មិន​ល្អ​ចេញ​ពី​អាជីវកម្មនេះ​ ជា​ដើម​ហេតុ​ធ្វើ​ឲ្យលោក​ត្រូវបាត់បង់តំណែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យដឹងថាលោក Herbert ទទួលបាន​ការ​បន្ទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​អភិវឌ្ឍន៍ Software យឺតយ៉ាវ ដែល​បាន​ប៉ះពាល់​ដល់​ការប្រកាសចេញ​រថយន្តអគ្គិសនីថ្មីៗរបស់ Porsche, Audi និង Bentley រួម​ទាំង Volkswagen ផងដែរ។

ដោយសារភាពយឺតយ៉ាវនេះ លោក Herbert លែង​ទទួល​បាន​ការ​គាំទ្រ​ពីគ្រួសារ​ Porsche និងគ្រួសារ Piëch ដែល​​ជា​អ្នក​គ្រប់​គ្រង​សម្ព័ន្ធ Volkswagen Group ហើយ​ពួកគេ​បាន​រៀប​ចំ​ការដក​លោក​ចេញ​ពី​តំណែងពេលដែល​លោក Herbert ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិកកាលពី​សប្ដាហ៍កន្លងទៅ។

ក្រុម​គ្រួសារត្រកូល Porsche និង Piëch បាន​សម្រេចនាំយកលោក Oliver Blume ដែល​ជា​នាយក​ប្រតិបត្តិនៅម៉ាក​ Porsche មក​ជំនួស​តំណែងលោក Herbert ដោយអ្នកដឹកនាំថ្មី​នឹង​ចាប់​ផ្ដើម​ឡើងកាន់កាប់តំណែង​នៅ​ថ្ងៃ​ទី០១ ខែកញ្ញា​ខាង​មុខ ខណៈដែល​លោក​នៅ​បន្ត​កាន់កាប់តំណែងចាស់ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម