
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ឲ្យដឹងថា បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងប្រទេសកម្ពុជា មាន ៥ប្រភេទ គឺ ប្រភេទ ក ខ គ ឃ និង ង។ ក្នុងនោះ
ប្រភេទ កៈ សម្រាប់ម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទគៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។
ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទងៈ សម្រាប់រថយន្តប្រភេទ ខ គ និងឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន។
![]()
សូមបញ្ជាក់ថា ទោះបណ្ណបើកបរមានដល់ ៥ប្រភេទនេះក៏ដោយ ប៉ុន្តែអ្នកបើកបរម្នាក់ មានសិទ្ធិកាន់បណ្ណបើកបរតែមួយគត់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានបណ្ណបើកបរប្រភេទ ខ គឺមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ និង ង បាន និងត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្តផងដែរ។
គួរដឹងដែរថា អាយុអ្នកបើកបរ ក៏ត្រូវកំណត់តាមប្រភេទបណ្ណបើកបរផងដែរ ដូចជា៖
-ចំពោះប្រភេទ ក និង ខ ត្រូវមានអាយុ ១៨ឆ្នាំយ៉ាងតិច
-ចំពោះប្រភេទ គ និង ឃ១ ត្រូវមានអាយុ ២២ឆ្នាំយ៉ាងតិច
-ចំពោះប្រភេទ ឃ២ និង ង ត្រូវមានអាយុ ២៤ឆ្នាំយ៉ាងតិច៕


















