
នេះគឺជា Scarbo SV Rover, រថយន្តប្រភេទ Hypertruck ស្របច្បាប់ដំបូងគេបង្អស់នៅលើពិភពលោក ដែលអាចបើកបរនៅលើផ្លូវសាធារណៈ។ រថយន្តនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បីឈ្មោះមួយរបស់អាមេរិកគឺ Scarbo Vintage ដោយគោលបំណងនៃការបង្កើតរថយន្ត SV Rover នេះ គឺដើម្បីបំពេញបំណងប្រាថ្នារបស់មហាសេដ្ឋីដែលចង់បានរថយន្តប្រណាំងលើវាលខ្សាច់មួយ ប៉ុន្តែមានរូបរាងបុរាណ និងអាចបើកបរលើផ្លូវសាធារណៈបានដោយស្របច្បាប់។

ក្នុងនោះ ដើម្បីធ្វើរឿងនេះបាន ក្រុមហ៊ុន Scarbo Vintage ផ្ទាល់ បានយកអត្តសញ្ញាណ និងគ្រឿងបង្គុំស្នូលខ្លះៗពីរថយន្ត Land Rover Defender 90 មកធ្វើជាគ្រឹះ ដោយផ្នែកម៉ាស៊ីនត្រូវបានរចនាឡើងមាន ២ ជម្រើសរួមមាន៖
១) ម៉ាស៊ីនសាំង V8 ផលិតកម្លាំងបាន ១,៥០០ សេះ
២) ប្រភេទអគ្គិសនីសុទ្ធ ផលិតកម្លាំងបាន ១,០២០ សេះ

លក្ខណៈពិសេសរបស់រថយន្តនេះ គឺប្រើប្រាស់នូវប្រព័ន្ធបូមពិសេសកម្រិតខ្ពស់ (Inboard Pushrod Suspension) ដែលប្រើប្រាស់បូមម៉ាក Fox ដែលប្រព័ន្ធជើងក្រោមអាចយឺត ឡើង-ចុះ បានរហូតដល់ ៣០ អ៊ីញ ទាំងមុខទាំងក្រោយ, បំពាក់សំបកកង់សម្រាប់រត់លើវាលខ្សាច់ និងផ្លូវលំបាកៗទំហំ ៤០ អ៊ីញ, ប្រើថាសកង់ទំហំ ២០ អ៊ីញ ផលិតពីអាលុយមីញ៉ូម, បំពាក់ប្រព័ន្ធហ្វ្រាំងកាបូនសេរ៉ាមិចប្រភេទ Brembo ទំហំ ៤០០មីលីម៉ែត្រ ជាមួយដង្កៀបហ្វ្រាំងមុខ-ក្រោយចំនួន ៦ ពីស្តុង, មានទ្រុងដែកការពារពេលក្រឡាប់ និងប្រព័ន្ធចង្កូតដែលអាចបញ្ជាបត់បានទាំង ៤ កង់។

ងាកមកការរចនាវិញ រថយន្តនេះ គឺមានតួខ្លួនទាំងមូលធ្វើពី Carbon Fiber ដែលផ្នែកខាងក្នុង មានការរចនាបែបឡានប្រណាំង, បំពាក់ដោយកៅអីប្រណាំងម៉ាក Sparco ស្រោបដោយស្បែក Alcantara, មានអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ, មានអេក្រង់កម្សាន្តទំហំ ១០,១ អ៊ីញ, មានប្រព័ន្ធម៉ាស៊ីនត្រជាក់ និងមានប្រព័ន្ធសោ Smart Key ជាដើម។ ចំណែកតម្លៃវិញ រថយន្តនេះ មានតម្លៃត្រឹមតែ ១,៥ លានដុល្លារអាមេរិកប៉ុណ្ណោះ៕


















