
ទីផ្សាររថយន្តក្នុងប្រទេសចិន បានជួបនូវការលក់ធ្លាក់ចុះក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ ដោយមានចំនួនត្រឹមតែ ៨,៧លានគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់ ២០,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់សមាគមរថយន្តនៃប្រទេសចិន។
លើសពីនេះទៀត បើតាមការព្យាកររបស់ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មយានយន្តប្រទេសចិន បង្ហាញថា ការលក់រថយន្តថ្មីៗសម្រាប់ពេញមួយឆ្នាំ២០២៦នេះ គឺអាចនឹងលក់បានត្រឹមតែ ២០,៤លានគ្រឿង ថយចុះ ១៤% ពីចំនួន ២៣,៧លានគ្រឿងដែលលក់បានក្នុងឆ្នាំ២០២៥។ ដូច្នេះប្រសិនបើការព្យាករនេះ ពិតជាត្រឹមត្រូវមែន នោះវានឹងក្លាយជាការលក់បានក្នុងកម្រិតទាបបំផុតសម្រាប់ឧស្សាហកម្មរថយន្តរបស់ចិនចាប់តាំងពីឆ្នាំ២០២១មក។

ភាពរង្គោះរង្គើនៃទីផ្សាររថយន្តក្នុងប្រទេសចិន មិនមែនជារឿងសាមញ្ញនោះទេ ពោលគឺមានមូលហេតុធំៗនៅពីក្រោយ។ សម្រាប់ការធ្លាក់ចុះនៃការលក់រថយន្តចំហេះក្នុង គឺបណ្តាលមកពីប្រេងឥន្ធនៈឡើងថ្លៃដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ ចំណែករថយន្តអគ្គិសនីវិញ គឺមិនទទួលបានការគាំទ្រជួយពីរដ្ឋាភិបាលចិនទៀតឡើយ ចាប់តាំងពីដើមឆ្នាំមក ខណៈតម្លៃរ៉ែលីចូមដែលមានសារៈសំខាន់បំផុតក្នុងការផលិតអាគុយ EV បានឡើងថ្លៃ រួមជាមួយការឡើងថ្លៃជាបន្តបន្ទាប់ផងដែរ នូវបន្ទះឈីប សម្រាប់បំពាក់លើរថយន្តអគ្គិសនី បណ្តាលឲ្យថ្លៃដើមនៃការផលិត កាន់តែខ្ពស់។
គួរដឹងថា ប៉ុន្មានឆ្នាំមកនេះ រថយន្តអគ្គិសនី ទទួលបានការលើកទឹកចិត្តខ្លាំងពីរដ្ឋាភិបាលចិន បានធ្វើឲ្យសន្ទុះការផលិតរថយន្តប្រភេទនេះ កើនឡើងឥតឈប់ឈរ។ ប៉ុន្តែចាប់ពីឆ្នាំ២០២៦នេះទៅ ក្រុមហ៊ុននឹងតានតឹងកាន់តែខ្លាំង ព្រោះតែរដ្ឋាភិបាលចិន បានកាត់បន្ថយការឧបត្ថម្ភធនលើរថយន្តអគ្គិសនី ហើយត្រូវបានអ្នកជំនាញវិភាគថា ការបញ្ចេញរថយន្តថ្មីក្នុងប្រទេសចិន ក៏នឹងត្រូវធ្លាក់ចុះខ្លាំងផងដែរ៕


















