ប្រភពផ្ទៃក្នុងដែលធ្លាប់បានប្រាប់ដំណឹងត្រូវៗពីមុនទាក់ទងនឹងផែនការរបស់ Ford បានប្រាប់ដល់សារព័ត៌មាន Motor1 អំពីផែនការដែល Ford មានសម្រាប់រថយន្តជំនាន់ថ្មីជាច្រើនម៉ូដែល។
ក្នុងនោះមានទាក់ទងនឹង Ford F-150 ដែលរថយន្តនេះនឹងមានការផ្លាស់ប្ដូរការឌីហ្សាញរូបរាងថ្មីសម្រាប់ម៉ូដែលឆ្នាំ ២០២១ ហើយប្រភពនិយាយថាការផលិតសាកល្បងកំពុងតែប្រព្រឹត្តទៅនៅរោងចក្រដំឡើងនៅ Kansas City របស់ Ford ជាមួយការផលិតស្តង់ដារកំណត់ថាចាប់ផ្ដើមនាខែសីហានេះ។ រោងចក្រដំឡើងរថយន្ត Ford F-150 ផ្សេងទៀតដែលស្ថិតនៅទីក្រុង Detroit នឹងចាប់ផ្ដើមការផលិតមុនរោងចក្រនៅ Kansas City ប៉ុន្មានសប្ដាហ៍ ពោលគឺនៅខែកក្កដា។ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទដែលរថយន្តនេះបង្ហាញរូបរាងជាផ្លូវការនៅឡើយ។
ប្រភពបានប្រាប់ដែរថា Ford F-150 ថ្មីនឹងមានការផ្លាស់ប្ដូរឌីហ្សាញច្រើន ប៉ុន្តែមិនមែនជាជំនាន់ថ្មីនោះឡើយ ដែលវានឹងបន្តប្រើប្រាស់គ្រោងឆ្អឹងដែលមានប្រើតាំងពីឆ្នាំ ២០១៤។ លើសពីនេះ F-150 ជំនាន់បន្ទាប់គឺកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ដែលនឹងប្រើប្រាស់គ្រោងឆ្អឹងថ្មី ហើយអាចចេញនៅឆ្នាំ ២០២៦។
បន្ទាប់មកទៀតគឺ Ford Ranger ជំនាន់ថ្មីដែលនឹងទៅដល់ទីផ្សារសហរដ្ឋអាមេរិកនាឆ្នាំ ២០២២ ប៉ុន្តែវានឹងមានលក់នៅទីផ្សារក្រៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២១ តទៅ។ សម្រាប់ F-150 Raptor វិញក៏នឹងវិលត្រឡប់ជាមួយ F-150 ដែលមានការឌីហ្សាញថ្មី ហើយនឹងចេញលក់នៅអំឡុងឆ្នាំ ២០២១។
គេក៏បានប្រាប់ទាក់ទងនឹងរថយន្ត Mustang ដែលរថយន្តជំនាន់ថ្មីនឹងលេចមុខក្នុងឆ្នាំ ២០២២ លក់លើទីផ្សារជាម៉ូដែលឆ្នាំ ២០២៣។ ចំណែករថយន្ត Bronco វិញវានឹងចាប់ផ្ដើមការផលិតយូរផលិតនៅថ្ងៃទី ៧ ខែធ្នូ ដូចនេះវានឹងដល់ដៃអតិថិជននៅអំឡុងខែមករា ឬ ខែកុម្ភៈ ឆ្នាំ ២០២១៕