បេក្ខជនដែលបានប្រឡងជាប់ទ្រឹស្តីតាមប្រព័ន្ធកុំមព្យូទ័រ ទើបមានសិទ្ធិបន្តប្រឡងដៃចង្កូត ដែលធ្វើនៅតាមទីលានប្រឡង ឬផ្លូវសាធារណៈ ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ឲ្យដឹងថា ការប្រឡងដៃចង្កូតនៅក្នុងទីលាន សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល រួមមានវិញ្ញាសាដូចជា៖
![]()
១. ការចាប់ផ្តើមចេញដំណើរ និងការបញ្ចប់
២. ឈប់រថយន្តផ្តល់សិទ្ធិអាទិភាពឲ្យថ្មើរជើង
៣. ឈប់រថយន្ត និងចាប់ផ្តើមបើកបរឡើងទួល
៤. ការបើកបររថយន្តផ្លូវរាងអក្សរ Z
៥. ការបើកបរនៅកន្លែងផ្លូវប្រសព្វមានភ្លើងសញ្ញាចរាចរណ៍
៦. ការបើកបររថយន្តផ្លូវរាងអក្សរ S
៧. ការបើកបរចូលចំណតរាងអក្សរ T
៨. ការបើកបរចូលចំណតរាងអក្សរ P
៩. ឈប់រថយន្តនៅកន្លែងផ្លូវរថភ្លើងឆ្លងកាត់
១០. ការបើកបរផ្លាស់ប្តូរលេខលើផ្លូវត្រង់
១១. ស្ថានភាពគ្រោះអាសន្ន៖ ពេលបន្លឺសំឡេងអាសន្ន បេក្ខជនជាន់ហ្វ្រាំងដើម្បីឈប់រថយន្ត និងបើកភ្លើងសញ្ញាអាសន្ន។
គួរដឹងថា វិញ្ញាសាប្រឡងនេះ គឺមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី ២០ពិន្ទុ គឺត្រូវធ្លាក់។

ចំណែកវិញ្ញាសាប្រឡងអនុវត្តបើកបររថយន្តគ្រប់ប្រភេទនៅលើផ្លូវសាធារណៈវិញ គឺមានចម្ងាយ ២គីឡូម៉ែត្រ ដែលមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី២០ពិន្ទុ គឺត្រូវធ្លាក់ផងដែរ។
សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។ ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាមប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក៕













