បន្ទាប់ពីដាក់ឲ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកដោយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនាពេលកន្លងមក បណ្ណបើកបរមួយចំនួនត្រូវបានដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុតែម្តង។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រកាសកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា ដើម្បីជួយសម្រួលដល់សាធារណជនដែលមានបំណងរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉ន ដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ គឺលោកអ្នកអាចមកដាក់ពាក្យស្នើសុំនៅតាមទីតាំងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ មណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួង, មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់, ផ្សារទំនើបអ៊ីអន១ អ៊ីអន២ អ៊ីអន៣ និងផ្សារទំនើបអូឡាំព្យា។

សូមជម្រាបថា គ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយចាប់ពី១ពិន្ទុ ដល់ ៦ពិន្ទុ នៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកទៅតាមករណីនីមួយៗ។ យោងតាមប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរឲ្យដឹងថា ចំពោះការបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ត្រូវអនុវត្តដូចខាងក្រោម៖
១. ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ អ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវរៀនបំប៉នផ្នែកទ្រឹស្តីរយៈពេល ២ថ្ងៃ ដើម្បីប្រឡងយកពិន្ទុបន្ថែមដែលមានចំនួនមិនលើសពី ៤ពិន្ទុ។ ប៉ុន្តែការបន្ថែមពិន្ទុមិនអនុញ្ញាតឲ្យមានចំនួនសរុបលើសពី ១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបំប៉នផ្នែកទ្រឹស្តី និងប្រឡងយកពិន្ទុបន្ថែមបានច្រើនដង ប៉ុន្តែការរៀន និងប្រឡងនេះ ត្រូវប្រព្រឹត្តទៅយ៉ាងតិចក្នុងរយៈពេល ៦ខែម្តងៗ។
២. ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីការកាត់បន្ថយពិន្ទុចុងក្រោយ អ្នកបើកបរពុំមានបទល្មើសចរាចរណ៍អ្វីមួយបន្ថែមទៀតនោះទេ គឺទទួលបានការបំពេញពិន្ទុឡើងវិញដោយស្វ័យប្រវត្តិ ពោលគឺ ១២ពិន្ទុពេញវិញតែម្តង។
៣. ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈតែម្តង។ បើចង់បានបណ្ណបើកបរថ្មី ត្រូវរៀនបំប៉ន និងប្រឡងឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរទុកជាមោឃៈ។ យ៉ាងណាមិញ ប្រសិនបើអ្នកបើកបរនោះ បង្កឲ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់ អ្នកបើកបររូបនោះ អាចរៀនបំប៉ន និងប្រឡងយកបណ្ណបើកបរជាថ្មីឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៥ឆ្នាំ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕





















