ប្រើពេល៦ខែសោះ Bentley អាចរកលុយចំណេញស្មើពេញមួយឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តប្រណីត Bentley បានប្រកាសអំពី​តួលេខហិរញ្ញវត្ថុប្រចាំរយៈពេល៦ខែដំបូងនៃ​ឆ្នាំ​២០២២នេះ ហើយ​ទោះ​បី​ជា​ប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ ក៏ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញ​ច្រើន​ស្មាន​មិន​ដល់។

រំលឹកទៅកាលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Bentley អាចរកប្រាក់ចំណេញបានប្រមាណ ៣៩៧​លាន​ដុល្លារ ដែលជា​ឆ្នាំ​ដ៏​ល្អមួយ​សម្រាប់ Bentley។ យ៉ាងណាក្ដី ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ Bentley អាចស្វែងរកប្រាក់ចំណេញបានប្រមាណ ៤០៦,៥​លាន​ដុល្លារ ដែលច្រើនលើសពេញមួយឆ្នាំ២០២១បាត់ទៅហើយ។

ពាណិជ្ជកម្ម

Bentley បាន​បញ្ជាក់ថាប្រាក់ចំណូលនៅឆមាសទីមួយនៃឆ្នាំ២០២២នេះ មាន​ប្រមាណ ១,៧៤ពាន់​លាន​ដុល្លារ កើន​ឡើង​ពី ១,៣៥​ពាន់​លាន​ដុល្លារ ដែលរកបាននៅឆមាសទីមួយនៃឆ្នាំ២០២១ ហើយប្រាក់​ចំណូល​បាន​ពី​ការលក់រថយន្តមួយ​គ្រឿង​បាន​កើន​ពី​ជិត ១៩ម៉ឺន​ដុល្លារ ឡើងមកដល់ ២១៧ ០០០ដុល្លារ។

នេះមានន័យថា Bentley អាចលក់រថយន្តដែលមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារ ឬ ២៥ម៉ឺនដុល្លារ ច្រើន​ជាង​ម៉ាក​រថយន្ត​ប្រណីត​ដទៃទៀត ដោយ​ឆមាសដំបូងនេះ Bentley អាចលក់រថយន្តបាន ៧ ៣៩៨គ្រឿង កើនឡើង ៣% ធៀប​នឹង​ឆ្នាំ​២០២១។

រថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត Bentayga ដែល​មាន​ចំណែក ៤០% នៃចំនួន​លក់ ខណៈដែលរថយន្ត Flying Spur ថ្មី​មាន​ចំណែក ២៧% និងរថយន្ត Continental GT មានចំណែក ៣៣%៕

Sponsored