កាលពីសប្តាហ៍មុន ក្រុមហ៊ុន Rolls-Royce បានធ្វើការបញ្ចេញនូវរថយន្តដែលមានតម្លៃថ្លៃជាងគេនៃត្រកូលរថយន្តរបស់ខ្លួន Rolls-Royce Boat Tail ដែលមានតម្លៃខ្ទង់ ២៨លានដុល្លារ និងផលិតត្រឹមចំនួនកំណត់តែ ៣គ្រឿងប៉ុណ្ណោះ។យោងតាមប្រភព The Telegraph បានបង្ហាញនូវហេតុផលមួយចំនួនដែលបង្ហាញថាគូស្នេហ៍តារាចម្រៀងដ៏ល្បី Jay-Z និង Beyonce គឺជាម្ចាស់រថយន្តនេះ។
ចំណុចទីមួយគឺ Rolls-Royce បាននិយាយថា ផ្នែកខាងក្រោយដែលរូបរាងដូចកន្ទុយទូក ត្រូវបានរចនាឡើងជាពិសេស ដើម្បីដាក់ដបស្រាសាំប៉ាញ Armand de Brignac chilled ដែលអតិថិជនចូលចិត្ត។ ខណះពេល Jay-Z ជាម្ចាស់ភាគហ៊ុនពាក់កណ្តាលនៃក្រុមហ៊ុនស្រាសាំប៉ាញ Armand de Brignac។
ចំណុចទីពីរគឺ គូស្នេហ៍តារាចម្រៀងមួយគូនេះត្រូវបានគេដឹងថាចូលចិត្តជិះទូកលេង ហើយបានជួលកប៉ាល់ទំនើប ម្តងមួយសប្តាហ៍ ។ ដូចដែលអ្នករចនាម៉ូដបាននិយាយថា “ផ្នែកខាងក្រោយមានរូបរាងដូចកន្ទុយទូក អាចបើកបានដូចស្លាបមេអំបៅ ដែលមានរូបរាងដូចកប៉ាល់ J-class” ។
ចំណុចចុងក្រោយគឺ ផ្នែកខាងក្នុងនៃរថយន្ត Boat Tail បានប្រើប្រាស់ជាមួយពណ៌ Blue Ivy ដែលវាជាឈ្មោះកូនស្រីអាយុ ៩ឆ្នាំរបស់ Jay-Z និង Beyonce។
បន្ថែមពីនេះ The Telegraph ក៏បានរាយការណ៍ថា Jay-Z បានចុះហត្ថលេខាលើរូបទេវរូបផ្នែកខាងមុខនៃរថយន្ត ចំនែក Beyonce បានចុះហត្ថលេខាលើឡូហ្គូខាងក្រោយ និងបានចុះហត្ថលេខាទាំងពីនាក់ នៅលើម៉ាស៊ីន៕