ភីកអាប់ខ្នាតធំកម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន Ford បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford F-150 Raptor R ស៊េរីឆ្នាំ ២០២៤ ដែលមានកម្លាំងជាងគូប្រជែងរបស់ខ្លួនគឺ RAM TRX នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៧៩ ៩៧៥ ដុល្លារ ដល់ ១១១ ៥៥០ ដុល្លារ ។

ដោយភីកអាប់ខ្នាតធំនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,២ លីត្រ supercharged V8 អាចផលិតកម្លាំងបាន ៧២០ សេះ និងកម្លាំងរមួល ៨៦៨ ញ៉ូតុនម៉ែត្រ ដែលមានកម្លាំងសេះច្រើនជាងម៉ូដែលមុន ២០ សេះ និងច្រើនជាង RAM TRX ឆ្នាំ ២០២៤ ១៨ សេះ ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,២ លីត្រ supercharged Hellcat V8 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការទទួលបានថាមពលខ្លាំងមុន ក្នុងនោះ F-150 Raptor R ស៊េរីឆ្នាំ ២០២៤ ទទួលបានគម្របម៉ាស៊ីនថ្មី ព្រមទាំងថាសកង់ស្រោបដោយសំបកកង់ទំហំ ៣៧ អ៉ីញប្រភេទ all-terrain tire ក៏ដូចជាចង្កៀងបំភ្លឺផ្លូវ និងអំពូលបំភ្លឺពេល LED ថ្មី ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមសម្រាប់ទប់លំនឹងនៃការបើកបរបន្ថែម ដូចជា ប៉ូម Fox Dual Live Valve shocks, រំស័រ coil-spring ទំហំ ២៤ អ៉ីញ និងការធ្វើឱ្យទាន់សម័យ ក៏ដូចជាកាងការពារសម្រាប់បើកបរនៅលើវាលខ្សាច់កាន់តែប្រសើរទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Ford F-150 Raptor R ត្រូវបានបានដាក់បង្ហាញចេញជាលើកដំបូងកាលពី ១៤ ឆ្នាំមុន ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៤ លីត្រ V8 មានកម្លាំង ៣១០ សេះ ឬម៉ាស៊ីនចំណុះ ៦,២ លីត្រ V8 មានកម្លាំង ៤១១ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម