[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-MG ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Maxus eTerron 9 ប្រើអគ្គិសនីសុទ្ធ គ្រោងនឹងដាក់លក់ជាផ្លូវការនៅដើមឆ្នាំ ២០២៥ ។
Maxus eTerron 9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីដែកផ្តល់នៅភាពរឹងមាំ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបានដល់ ៨០% ប្រើរយៈពេល ៤០នាទី ។
ភីកអាប់នេះមានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កំពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត អបសងខាងដោយចង្កៀងមុខ LED ជាមួយឡូហ្គោ Maxus នៅចំកណ្តាល ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED ឌីស្សាញស៊ីគ្នានឹងផ្នែកខាងមុខ ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញនិងតុបតែងថ្មីហើយប្លែកបែប minimalistic ជាមួយអេក្រង់ touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារសំខាន់ៗទូទៅលើរថយន្ត ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមួយមុខងារ Auto Hold ជាដើម ៕