ឌីស្សាញមិនសំចៃដៃ! MG7 ចេញផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន

បន្ទាប់ពីបានបង្ហាញរូបភាព Teaser អស់មួយរយៈពេលហើយ នាពេលនេះ ក្រុមហ៊ុន SAIC បានធ្វើការបង្ហាញចេញនូវរថយន្ត the all-new MG7 សម្រាប់ទីផ្សារប្រទេសចិនជាផ្លូវការ ហើយនឹងក្លាយជាសមាជិកទីមួយនៃ Black Label Series ដែលនឹងផ្តោតទៅលើទីផ្សារបែប Styling និងភាពស្ព័រផងដែរ។

រថយន្តនេះមានប្រវែងសរុប ៤ ៨៨៤មីលីម៉ែត្រ, ទទឹង ១ ៨៨៩មីលីម៉ែត្រ និងកម្ពស់ ១ ៤៤៧មីលីម៉ែត្រ។ ក្រឡេកទៅមើលការឌីស្សាញផ្នែកខាងក្រៅមានភាព ទាន់សម័យ និងស្ព័រខ្លាំង ដោយមានការឌីស្សាញនូវប៉ាណាក្រូម៉េដែលអាចបើកដើម្បីអោយខ្យល់ចូលបាន ព្រមទាំងភ្ជាប់ទៅកាន់ចង្កៀងមុខដែលជាប្រភេទ LED ផងដែរ។ ហើយផ្នែកជំហៀងបានឌីស្សាញដំបូលជាបែប Coupe-Style និងប្រើប្រាស់កញ្ចក់អត់ស៊ុម Frameless ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកខាងក្រោយវិញ គឺកាន់តែទាក់ទាញ ដែលអាចនិយាយបានថាជាចំណុចដ៏ទាក់ទាញបំផុតនៃរថយន្ត MG7 នេះ ព្រោះថាវាបានប្រើប្រាស់នូវអំពូលមួយខ្សែអូសកាត់ពីឆ្វេងដល់ស្តាំ បន្ថែមជាមួយកាងខ្យល់ និងបំពងស៊ីម៉ាំង ២គូរអមសងខាង បន្ថែមជាមួយស្លាបក្រោយ Active Rear Wing ដូចរថយន្ត Porsche Panamera ផងដែ។

ចំពោះផ្នែកខាងក្នុងកាប៊ីន រថយន្តនេះភ្ជាប់មកជាមួយអេក្រង់ភ្លោះបញ្ឈដ៏ទំនើបទំហំ ៣៣អ៊ីញ បែងចែកជាអេក្រង់កម្សាន្ត និងកុងទ័រព័ត៌មានឌីជីថល, ភ្លើងលម្អ, កៅអីស្ព័រ និងដំបូលបើកប្រភេទ Panoramic sunroof ។

the all-new MG7 ទទួលបាននូវជម្រើសម៉ាស៊ីនចំហេះក្នុងចំនួន ២ប្រភេទ និងប្រភេទកូនកាត់ PHEV មួយប្រភេទដែលទំនងនឹងចេញតាមក្រោយនាឆ្នាំក្រោយ។

  • ម៉ូឌែល 300 VTGI ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged អាចផលិតកម្លាំងបានចំនួន ១៨៣សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់ប៉ុងមុខ តាមរយៈប្រអប់លេខ DCT ៧វគ្គស្វ័យប្រវត្តិ។
  • ម៉ូឌែល 405 VTGI Trophy ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ២៥៤សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់ប៉ុងមុខ តាមរយៈប្រអប់លេខ ZF ៩វគ្គស្វ័យប្រវត្តិ។

គេពុំទាន់ដឹងនៅឡើយនោះទេថាតើ MG នឹងធ្វើការនាំយកម៉ូឌែលនេះទៅកាន់ទីផ្សារផ្សេងៗទៀត ក៏ប៉ុន្តែឪកាសនៃរថយន្តប្រភេទចំហេះក្នុង ICE គឺតែងតែមានសម្រាប់ប្រទេសចិន ខណៈទីផ្សារអឺរ៉ុប និងអាមេរិចផ្តោតទៅលើរថយន្តអគ្គិសនី។ សម្រាប់រថយន្តនឹងត្រូវផលិតឡើងដោយក្រុមហ៊ុន SAIC MG ហើយចំពោះតម្លៃនឹងប្រកាសនាពេលចេញលក់នាមុនដំណាច់ឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម