ភីកអាប់ Ford F-Series នៅតែលក់ដាច់ខ្លាំងលើសគេនៅអាមេរិក

[ទីផ្សារបរទេស] នៅលើទីផ្សារសហរដ្ឋអាមេរិក នៅតែគ្មានអ្វីអាចលក់ដាច់បានច្រើនជាងរថយន្តភីកអាប់ ហើយ​របាយការណ៍​ប្រចាំ​ត្រីមាស​ទីបី (ខែកក្កដា ដល់ខែកញ្ញា) បានបង្ហាញថាភីកអាប់ F-Series របស់ Ford នៅតែជារថយន្ត​លក់​ដាច់​ជាងគេ។

រយៈពេលបីខែគិតត្រឹមខែកញ្ញា Ford អាចលក់រថយន្ត F-Series បាន​ចំនួន ១៦៧ ៩៦២គ្រឿង ដែល​ក្នុង​នោះ​ការ​លក់​នៅ​ខែ​សីហាកើនឡើង ២១% ធៀបឆ្នាំមុន ស្របពេលដែលការលក់ប្រចាំខែកញ្ញាថយចុះ ២៦,៦%។ ជាមួយ​ការ​ប្រកាស​ចេញ​រថយន្ត Ford Super Duty ជំនាន់ថ្មី វានឹងគួរឲ្យចាប់អារម្មណ៍ថាការលក់ F-Series នៅប៉ុន្មានខែខាងមុខ នឹងមានការប្រែប្រួលខ្លាំង​កម្រិត​ណា។

ពាណិជ្ជកម្ម

ទោះបីជាការលក់នៅខែកញ្ញាធ្លាក់ចុះខ្លាំងមែន ប៉ុន្តែ Ford អាចលក់រថយន្តបានច្រើនជាងគូប្រជែងនៅត្រីមាសទីបី ដោយក្នុង​នោះក្រុមហ៊ុន Ram អាចលក់ភីកអាប់ត្រកូល Ram បាន ១១៨ ១០៦គ្រឿង ខណៈដែល Chevrolet អាចលក់​រថយន្ត Silverado បាន ១១៧ ១៩៨គ្រឿង។

ចំណាត់ថ្នាក់បន្ទាប់បានទៅលើរថយន្ត GMC Sierra លក់បាន ៥០ ១៦៩គ្រឿង, រថយន្ត Honda Ridgeline លក់​បាន ១២ ៥១៥គ្រឿង, រថយន្ត Toyota Tundra លក់បាន ៩ ៨១៧​គ្រឿង និង Nissan Titan លក់បាន ១ ២៧៥គ្រឿង៕

Sponsored