![RE-thumbnail-pick](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-pick-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់ ព្រមទាំងបើកទទួលការបញ្ជាទិញទុកមុនរថយន្តភីកអាប់ដំបូងរបស់ខ្លួនគឺ Kia Tasman នៅទីផ្សារប្រទេសកូរ៉េខាងត្បូង មានតម្លៃលក់សម្រាប់ម៉ូដែលដូចខាងក្រោម:
- ម៉ូដែល Dnamic មានតម្លៃលក់ ២៥ ៨៤១ ដុល្លារ
- ម៉ូដែល Adventure មានតម្លៃលក់ ២៨ ៣២២ ដុល្លារ
- ម៉ូដែល Extreme មានតម្លៃលក់ ៣០ ៩៤០ ដុល្លារ
- ម៉ូដែល Xpro មានតម្លៃលក់ ៣៦ ១០៩ ដុល្លារ
សម្រាប់ភីកអាប់ Kia Tasman ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងប្រភេទ body-on-frame platform ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមើលទៅហាប់នែនបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ C ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម ៕