នៅពេលលោកអ្នកបើកបរនៅតាមបណ្តាផ្លូវជាតិនានា លោកអ្នកប្រាកដជាបានឃើញមានគំនូសសញ្ញា នៅតាមបណ្តោយទ្រូងផ្លូវ ដោយខ្លះជាខ្សែគំនូសជាប់ ឬដាច់ៗ និងមានពណ៌លឿង ឬ ស ជាដើម ដែលអាចបណ្តាលឲ្យមានការភ័ន្តច្រឡំអំពីអត្ថន័យរបស់គំនូសសញ្ញាទាំងនោះ។

យោងតាមឧបសម្ព័ន្ធស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក បានបង្ហាញពីអត្ថន័យប្រភេទគំនូសសញ្ញានីមួយៗដូចខាងក្រោម៖
១. គំនូសសញ្ញាដាច់ៗទោលពណ៌ ស ប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរ ដែលអាចបើកបរឆ្លងកាត់ប្តូរគន្លងផ្លូវបាន។
២. គំនូសសញ្ញាជាប់ទោលពណ៌ ស ប្រើសម្រាប់បែងចែកគន្លងផ្លូវចរាចរនៅជិតផ្លូវប្រសព្វ ដែលមិនត្រូវបើកបរឆ្លងកាត់គំនូសនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។
៣. គំនូសសញ្ញាទោលដាច់ៗ ពណ៌លឿង ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា ដែលអ្នកបើកបរអាចឆ្លងកាត់ ឬ ជែងបាន។
៤. គំនូសសញ្ញាទោលជាប់ពណ៌លឿង ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា។ ប៉ុន្តែគំនូសជាប់នេះ គឺហាមមិនឲ្យបើកបរជាន់ ឬឆ្លងកាត់នោះទេ។
៥. គំនូសសញ្ញាភ្លោះជាប់ ពណ៌លឿង ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នាផងដែរ និងហាមមិនឲ្យបើកបរជាន់ ឬឆ្លងកាត់។ បើឃើញគំនូសនេះ គឺត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះវាប្រើនៅលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។

គួរបន្ថែមថា គំនូសសញ្ញាចរាចរណ៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យចរាចរណ៍លើផ្លូវសាធារណៈមានរបៀបរៀបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព៕















