រាល់សញ្ញាព្រមាន ឬភ្លើងព្រមាន ដែលបង្ហាញក្នុងកុងទ័ររថយន្ត គឺសុទ្ធតែបញ្ជាក់ពីបញ្ហាកំហូចនូវផ្នែកណាមួយរបស់រថយន្ត ដោយត្រូវការស្កេន និងឆែករកចំណុចដែលខូចនោះឲ្យបានពិតប្រាកដ។
ជាទូទៅ សញ្ញាព្រមានរបស់រថយន្ត ត្រូវបានបែងចែកជា ៣ពណ៌ រួមមាន ពណ៌ក្រហម ជាសញ្ញាកម្រិតធ្ងន់ ពណ៌លឿង ជាសញ្ញាដាស់តឿន និងពណ៌ខៀវ ឬបៃតង ដែលជាសញ្ញាផ្តល់ដំណឹង។

១. ពណ៌ក្រហម៖ សញ្ញាព្រមានពណ៌ក្រហមនេះ គឺបញ្ជាក់ពីកម្រិតធ្ងន់ធ្ងររបស់រថយន្ត ដែលតម្រូវឲ្យអ្នកបើកបរឈប់រថយន្តជាបន្ទាន់តាមដែលអាចធ្វើបាន ដើម្បីបង្ការកុំឲ្យម៉ាស៊ីនកាន់តែខូចធ្ងន់ធ្ងរ និងបញ្ចៀសគ្រោះថ្នាក់។ សញ្ញាព្រមាននេះរួមមាន ប្រព័ន្ធហ្វ្រាំង, សីតុណ្ហភាពម៉ាស៊ីនឡើងខ្ពស់ខ្លាំង កម្រិតប្រេងម៉ាស៊ីនទាប, ប្រព័ន្ធសាកអាគុយ និងពោងសុវត្ថិភាព។
២. ពណ៌លឿង៖ សញ្ញាព្រមានពណ៌លឿងនេះ មិនតម្រូវឲ្យឈប់រថយន្តភ្លាមៗនោះទេ ប៉ុន្តែក៏គួរយកចូលការ៉ាស់ឲ្យបានឆាប់ផងដែរ ដើម្បីត្រួតពិនិត្យជួសជុល។ សញ្ញាព្រមាននេះរួមមាន សញ្ញាឆេកម៉ាស៊ីន, ប្រព័ន្ធ ABS, សញ្ញាធុងសាំង, សេនស័រសម្ពាធខ្យល់កង់ និងប្រព័ន្ធគ្រប់គ្រងលំនឹង Traction Control ជាដើម។
៣. ពណខៀវ ឬបៃតង៖ ជាសញ្ញាផ្តល់ព័ត៌មានថា អ្នកបើកបរកំពុងប្រើប្រាស់មុខងារដូចជា បើកភ្លើងហ្វា, cruise control និងការវ៉ៃភ្លើងស៊ីញូជាដើម៕

















