
បើនិយាយពីក្រុមហ៊ុន Kia អ្នកប្រហែលជាស្គាល់ពួកគេត្រឹមជាក្រុមហ៊ុនផលិតរថយន្តលក្ខណៈគ្រួសារ ឬឡាន SUV ទំនើបៗប៉ុណ្ណោះ ប៉ុន្តែតើអ្នកដឹងទេថា Kia ក៏ធ្លាប់មាននូវឡានស្ព័រទ្វារពីរប្រភេទបើកដំបូលដ៏ល្បីមួយផងដែរ ហើយនោះគឺ Kia Vigato ឬ Kia Elan ។

សម្រាប់ប្រវត្តិរបស់រថយន្តនេះ វាមិនមែនកើតចេញពីការរចនារបស់ Kia ទាំងស្រុងនោះទេ ប៉ុន្តែវាគឺមានប្រវត្តិមកពីរថយន្ត Lotus Elan M100 របស់ក្រុមហ៊ុន Lotus ។
និយាយរួមទៅ កាលពីទសវត្សរ៍ឆ្នាំ ៩០ ក្រុមហ៊ុន Lotus គឺបានប្រកាសឈប់ផលិតនូវរថយន្ត Lotus Elan M100 របស់ខ្លួន។ ម្លោះហើយ ឃើញឱកាសល្អ Kia ក៏បានទិញសិទ្ធិផលិតបន្ត និងគ្រឿងម៉ាស៊ីនទាំងអស់យកមកកូរ៉េ។ ដោយនៅស្រុកកូរ៉េគេហៅវាថា Kia Elan តែនៅពេលនាំចេញទៅលក់នៅជប៉ុន គេក៏បានដូរឈ្មោះមកជា Vigato វិញ។

ចំពោះចំណុចពិសេសរបស់ Kia Vigato វាគឺរថយន្តប្រភេទ Pop-up Headlights ប្រើប្រាស់នូវម៉ាស៊ីនចំណុះ ១,៨លីត្រ T8D Hi-Sprint ដែលផលិតដោយខ្លួនឯងផ្ទាល់តែម្តង ប៉ុន្តែគ្មាន Turbo នោះឡើយ។ វាអាចផលិតកម្លាំងបាន ១៥១សេះ ភ្ជាប់ជាមួយប្រអប់លេខដៃចំនួន ៥វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ (FWD) ។
យ៉ាងណាមិញ បើទោះបីជារថយន្តនេះ ជាប្រភេទរថយន្ត FWD ដែលអ្នកលេងរថយន្តស្ព័រភាគច្រើនមិនសូវពេញចិត្តក៏ដោយ ក៏ប៉ុន្តែវាក៏នៅតែបន្តប្រើប្រាស់នូវគ្រោងឆ្អឹង និងប្រព័ន្ធជើងក្រោមរបស់ Lotus ដើមផងដែរ។ មានន័យថា រថយន្តនេះគឺមានលំនឹងល្អនៅពេលបត់ ដែលខុសពីឡានកង់មុខផ្សេងៗ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត Kia Vigato នេះ វាគឺត្រូវបានផលិតឡើងក្នុងចំនួនតិចតួចបំផុតប្រហែលតែ ១,០០០ គ្រឿងជាងប៉ុណ្ណោះលើពិភពលោក៕

















