ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈកម្មវិធី DG SuperAPP របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដោយការស្កែន QR Code របស់ក្រសួងនៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ឌីជីថលសម្រាប់ការប្រើប្រាស់ជាផ្លូវការ។
អ៊ីចឹងនៅពេលទទួលបានបណ្ណបើកបរឌីជីថលនេះហើយ តើចាំបាច់ត្រូវការយកមបណ្ណបើកបរច្បាប់ដើមដាក់តាមខ្លួនពេលបើកបរយានយន្តទៀតដែរឬទេ?
ក្រសួងសាធារណការបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា «អ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់់បណ្ណបើកបរក្នុងទម្រង់ឌីជីថលនេះ ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា»។ មានន័យថា បណ្ណបើកបរឌីជីថល គឺមានតម្លៃស្មើនឹងបណ្ណបើកបរច្បាប់ដើម ពោលគឺបើមានបណ្ណបើកបរឌីជីថលហើយ មិនចាំបាច់ត្រូវដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួនទៀតនោះទេ។
បើតាមវីដេអូដែលក្រសួងបានបង្ហោះនេះ គឺបង្ហាញថា ប៉ូលិសចរាចរណ៍ បានត្រួតពិនិត្យបណ្ណបើកបរ ដោយការស្កេន QR Code លើបណ្ណបើកបរឌីជីថលរបស់អ្នកបើកបររថយន្តតែម្តង ពោលគឺមិនត្រួតពិនិត្យលើឯកសារច្បាប់ដើមនោះទេ។

ក្នុងវីដេអូនេះបានលើកឡើងថា បច្ចុប្បន្ន អ្នកបើកបរជាច្រើន នៅតែពឹងផ្អែកលើការយកបណ្ណបើកបរដាក់ជាប់តាមខ្លួនជារៀងរាល់ថ្ងៃ ដោយមានហានិភ័យក្នុងការភ្លេច បាត់បង់ ខូចខាត ឬមិនអាចប្រើប្រាស់ នៅពេលដែលអ្នកត្រូវការភ្លាមៗ។ ការផ្ទៀងផ្ទាត់អាចចំណាយពេលយូរ និងបង្កើតភាពស្មុគស្មាញបន្ថែមសម្រាប់ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ហើយបណ្ណបើកបរច្បាប់ដើម ក៏អាចប្រឈមហានិភ័យ នៃការក្លែងបន្លំផងដែរ៕

















