មានហើយ Rolls-Royce ប្រភេទអគ្គិសនី តម្លៃចាប់ពីជាង ៤០ម៉ឺនដុល្លារ

Rolls-Royce បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រែ​ក្លាយ​ជា​ម៉ាក​យីហោ​​យានយន្ត​អគ្គិសនី​សុទ្ធ​ក្នុង​ពេល​អនាគត ប៉ុន្តែ​មក​ទល់​ពេល​នេះ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​នៅ​មិន​ទាន់​បង្ហាញ​មុខ​នៅ​ឡើយ​ទេ។

យ៉ាងណាក្ដី​ នា​ពេល​នេះ​អតិថិជន​អាច​ទិញ​រថយន្ត Rolls-Royce អគ្គិសនី​បាន ប៉ុន្តែ​គ្រាន់​តែ​មិន​មែន​ផលិត​ដោយ​ក្រុមហ៊ុន​​ Rolls-Royce។ ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​រថយន្ត​​​បុរាណ​ជា​រថយន្ត​អគ្គិសនី​របស់​អង់គ្លេស​ឈ្មោះ​ថា Lunaz បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​ Rolls-Royce បុរាណ​ប្រភេទ​អគ្គិសនី​ដំបូង​គេ ដែល​មាន​ម៉ូដែល Phantom V និង Silver Cloud។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Phantom V និង Silver Cloud ប្រភេទ​អគ្គិសនី​នឹង​មាន​ផលិត​សរុប​ត្រឹម ៣០​គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ដែល​គេ​ផលិត​បាន​ដំបូង​គឺ Rolls-Royce Phantom V ស៊េរី​ឆ្នាំ ១៩៦១ ដែល​បាន​ឆ្លង​កាត់​ការ​ជួស​ជុល​ទាំង​ស្រុង និង​បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ម៉ាស៊ីន ហើយ​បាន​បន្ថែម​នូវ​ Software ពី​លើ​ផង​ដែរ។

សម្រាប់​រថយន្ត​ Phantom V គេ​បាន​បំពាក់​អាគុយ​ទំហំ ១២០kWh ដែល​អាច​បើកបរ​បាន​ចម្ងាយ​ជាង ៤៨៣​គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ។ ចំណែក Silver Cloud វិញ​មាន​បំពាក់​អាគុយ​ទំហំ ៨០kWh ដែល​អាច​ឲ្យ​រថយន្ត​ជិះ​បាន​ចម្ងាយ​លើស​ពី ៤៨៣​គីឡូម៉ែត្រ។

Rolls-Royce Cloud

គួរ​ដឹង​ថា​រថយន្ត Rolls-Royce Silver Cloud ​របស់ Lunaz មាន​តម្លៃ​ចាប់​ពី ៤៦៣ ០០០​ដុល្លារ (មិន​គិត​បញ្ចូល​ពន្ធ​ក្នុង​ស្រុក) ចំណែក​រថយន្ត​ Rolls-Royce Phantom V វិញ​មាន​តម្លៃ​ចាប់​ពី ៦៦១ ៥០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម