មានអ្វីពិសេសនៅលើរថយន្តកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R មួយនេះខ្លះ?

Honda Civic Type R គឺជារថយន្តប្រភេទ Performance មួយរបស់ Honda ដែលទទួលបានការគាំទ្រខ្លាំង ជាពិសេសនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសចេញរថយន្ត Civic Type R ស៊េរីឆ្នាំ២០២៣ ដែល Honda អះអាងថា ជារថយន្តមានកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ៣០ ឆ្នាំនៃគ្រួសារ Type R ហើយក៏ជារថយន្តខ្លាំងបំផុតរបស់ខ្លួន នៅសហរដ្ឋអាមេរិកផងដែរ។

១) ការរចនាផ្នែកខាងក្រៅ

ពាណិជ្ជកម្ម

រថយន្ត Honda Civic Type R ឆ្នាំ ២០២៣ បានប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Civic Hatchback ជំនាន់ទី ១១ បច្ចុប្បន្ន។ វាត្រូវបានឌីហ្សាញមកដើម្បីឲ្យមានទម្ងន់ស្រាល និងរឹងមាំ ហើយក៏បានធ្វើឲ្យប្រសើរឡើងចំពោះការទប់លំនឹងពេលបើកបរល្បឿនលឿន និងអាចឆ្លើយតបបានយ៉ាងលឿននៅលើផ្លូវកែង។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម និង ប្រព័ន្ធចង្កូត ទៀតផង។

រថយន្ត Honda Civic Type R ឆ្នាំ ២០២៣ មានរូបរាងបែបស្ព័រជាងមុន ដោយប៉ាណាមុខមានការរចនាជាសំណាញ់ ហើយមានរន្ធខ្យល់ចេញចូលរាងជ្រុង។ ផ្នែកខាងក្រោយ វាមានបំពាក់បំពង់ស៊ីមាំងចំនួន៣ ដែលដាក់នៅចំកណ្តាល, កាងក្រោយកាត់ខ្យល់ Spoiler ដ៏ធំពណ៌ខ្មៅ, ឡូហ្គោអក្សរ TYPE R, យ៉ាន់កង់ស្ព័រទំហំ ១៩ អ៊ីញ និងដុំហ្រ្វាំង Brembo ពណ៌ក្រហម ផងដែរ។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅមើលផ្នែកខាងក្នុងវិញ វាស្រដៀងទៅនឹងរថយន្ត Honda Civic ជំនាន់ទី១១ ដែរ ប៉ុន្តែបានបន្ថែមកៅអីស្ព័រស្រោបដោយស្បែក អមជាមួយឡូហ្គោ Type R ពណ៌ក្រហម, ដៃ​ចង្កូតមានហាយឡាយថ្នេ​ដេរ​ពណ៌ក្រហម, អេក្រង់កម្សាន្តទំហំ ១០,២ អ៊ីញ និង កុងទ័រឌីជីថល ទៀតផង។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្ត Honda Civic Type R ឆ្នាំ២០២៣ មានដូចជា 

  • ប្រព័ន្ធវាស់សម្ពាធកង់រថយន្ត  
  • ប្រព័ន្ធកាំមេរ៉ាជំនួយផ្នែកខាងក្រោយ Multi-angle Rearview Camera
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលមានឧបសគ្គ ឬអ្នកថ្នើជើងឆ្លងកាត់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Collision Mitigation Braking System
  • ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិដល់អ្នកបើកបរ អំពីហានិភ័យនៃរថយន្ត ដែលវ៉ាពីខាងក្រោយ Lane Departure Warning
  • ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ Road Departure Mitigation System 
  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ EBD 
  • ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំងបន្ទាន់ BA

៤) ថាមពលម៉ាស៊ីន

Honda នៅតែបន្តប្រើម៉ាស៊ីន K20 ចំណុះ ២,០លីត្រ Turbo និង ប្រអប់លេខដៃ ៦វគ្គដដែល ប៉ុន្តែ Civic Type R ឆ្នាំ ២០២៣ នឹងមានកម្លាំងខ្លាំងជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនបានបង្ហាញថា វានឹងខ្លាំងជាងមុនកម្រិតណានោះទេ ប៉ុន្តែនឹងលើស Civic Type R បច្ចុប្បន្នដែលមានកម្លាំងត្រឹម ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញ ចំពោះតួលេខផ្នែក Performance ក៏ក្រុមហ៊ុនមិនទាន់បានបង្ហាញដែរ ប៉ុន្តែ Civic Type R ឆ្នាំមុន អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៧១គីឡូម៉ែត្រក្នុងមួយម៉ោង។

៥) តម្លៃ

ក្រុមហ៊ុន Honda មិនទាន់បានប្រកាសចេញនូវតម្លៃរបស់រថយន្ត Civic Type R ឆ្នាំ២០២៣ ជាផ្លូវការឡើយ​ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃប្រហែលខ្ទង់ ៤០០០០ដុល្លារ នៅសហរដ្ឋអាមេរិក។ គួររំលឹកឲ្យដឹងផងដែរថា រថយន្ត Honda Civic Type R ឆ្នាំ២០២២ ដែលចេញលក់កាលពីឆ្នាំមុន មានតម្លៃចាប់ពីខ្ទង់ ៣៨០០០ដុល្លារ នៅសហរដ្ឋអាមេរិក៕

Sponsored