
កាលពីថ្ងៃទី២៦ ខែសីហានេះ អនុប្រធានក្រុមហ៊ុន Xpeng លោក Yu Tao បានចែករំលែកវីដេអូមួយនៅលើ Weibo ដែលបង្ហាញពីរថយន្ត Xpeng P7 ដែលទើបចេញពីផលិតកម្មហើយបើកបរដោយស្វ័យប្រវត្តិ គឺពុំមានអ្នកបើកបរឡើយពីកន្លែងខ្សែច្រវាក់ផលិតកម្មទៅ កន្លែងដឹកជញ្ជូនក្នុងតំបន់ដែលមានកំណត់ក្នុងរោងចក្រ Guangzhou របស់ខ្លួន។
រថយន្តអគ្គិសនី Xpeng P7 អាចបើកបរដោយស្វ័យប្រវត្តិនេះបានដោយសារតែរថយន្តនេះបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរដោយស្វ័យប្រវត្តិ (Full Autonomous Driving) ដែកប្រើប្រាស់នូវបន្ទះឈីប Turing AI ចំនួនបីដែលបង្កើតឡើងដោយ Xpeng ផ្ទាល់ ដែលមានសម្ថភាពដំណើរការ ២ ២៥០ TOPS ដែលខ្លាំងជាង AI4 ដែលបំពាក់នៅលើ Tesla Model Y ប្រហែល ៣ដង។ លើសពីនេះ Xpeng P7 គាំទ្រដោយ AI សម្រាប់ជួយដូច VLA (Vision-Language-Action) និង VLM (Vision-Language Models) ដែលអនុញ្ញាតអោយរថយន្តទទួលយក និងឆ្លើយតបទៅនឹងឥរិយាបទនៃការបើកបរផ្សេងៗគ្នា។
រថយន្តនេះផ្ដល់ជូនជាមួយរយៈចម្ងាយបើកបរ៣ផ្សេងគ្នាក្នុងនោះរួមមាន៖ រយៈចម្ងាយ ៧០២ គីឡូម៉ែត្រ, ៧៥០ គីឡូម៉ែត្រ, ៨២០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និងផ្ដល់មកជាមួយជម្រើសប្រព័ន្ធបើកបរកង់ក្រោយ (RWD) និងប្រព័ន្ធបើកបរកង់ទាំង៤ (AWD) ផងដែរ។ Xpeng P7 អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៧ វិនាទី ហើយគាំទ្រការសាកថ្មលឿនបំផុតកម្រិត ៥C ផ្តល់នូវចម្ងាយបើកបរ ៥២៥ គីឡូម៉ែត្រ ក្រោយសាកថ្មតែ ១០នាទីប៉ុណ្ណោះ៕