មិនចាំយូរ ក្រុមហ៊ុនអ៊ីតាលីមួយនេះ ប្រកាសឈប់លក់ឡានប្រើសាំង ចាប់ពីខែ៧ទៅ

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Fiat បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្រា ឆ្នាំ២០២២ តទៅ វានឹងឈប់លក់រថយន្តប្រើប្រេងឥន្ធនៈទាំងអស់ នៅលើទីផ្សារចក្រភពអង់គ្លេស ដោយផ្តល់ឲ្យតែជម្រើសម៉ាស៊ីន Hybrid និង អគ្គិសនីសុទ្ធ ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ការប្រកាសនេះគឺជាជំហានថ្មីមួយ សម្រាប់អនាគតរថយន្តអគ្គិសនីនៃក្រុមហ៊ុនអ៊ីតាលីខាងលើ ដែលចង់ក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ ត្រឹមឆ្នាំ ២០២៧។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមគេហទំព័រផ្លូវការនៃក្រុមហ៊ុន Fiat UK បានឲ្យដឹងថា មានតែម៉ូដែលនៅសេសសល់ពីមុនៗប៉ុណ្ណោះ ដែលនៅតែផ្តល់ជម្រើសម៉ាស៊ីនសាំង សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដូចជា ម៉ូដែល Tipo និង 500X ជាមួយនឹងជម្រើសម៉ាស៊ីនសាំង turbocharged ចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង ព្រោះថាម៉ាស៊ីនម៉ាស៊ូតគឺលែងមានទៀតហើយ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Fiat និយាយថា ឆ្នាំ២០២១ ពួកគេបានមើលឃើញកំណើននៃការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំធំបំផុត នៅចក្រភពអង់គ្លេស ដែលជាសញ្ញាមួយបង្ហាញថា អ្នកប្រើប្រាស់កំពុងងាកមកចាប់អារម្មណ៍ជាមួយនឹងរថយន្តអគ្គិសនី។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Fiat បានចេញលក់រថយន្តកូនកាត់អគ្គិសនីចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េស ដោយមានដូចជាម៉ូដែល 500 Hybrid និង Panda Hybrid ព្រមទាំងម៉ូដែលប្រើអគ្គិសនីសុទ្ធ 500 EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម