
[បរទេស] Volkswagen បានប្រកាសជាផ្លូវការថា ពួកគេកំពុងរៀបចំផលិតរថយន្តអគ្គិសនីថ្មីមួយម៉ូឌែលមានឈ្មោះថា Volkswagen ID.Every1 ដែលជារថយន្តប្រភេទ SUV ខ្នាតតូច ដែលមានតម្លៃសមរម្យ ដោយសង្ឃឹមថានឹងជាក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្ត BYD Seagull នៅក្នុងទីផ្សារតំបន់អឺរ៉ុប។
ក្នុងនោះ រថយន្តនេះ នឹងត្រូវបានផលិតនៅរោងចក្រ Autoeuropa ទីក្រុង Setúbal ប្រទេសព័រទុយហ្គាល់ ហើយគ្រោងនឹងដាក់លក់ជាផ្លូវនៅក្នុងឆ្នាំ ២០២៧ ជាមួយតម្លៃលក់ខ្ទង់ ២០ ០០០ ដុល្លារ។
VW ID.Every1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបាន ៩៥ សេះ ផ្គួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ២៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ និងឃ្យូត ជាមួយនឹងការរចនាដោយបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញសុីមេទ្រីគ្នា ព្រមទាំងថាសប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភាពធំទូលាយសម្រាប់អ្នកដំណើរចំនួន ៤នាក់ ដែលត្រូវបានឌីស្សាញបែប minimalistic ដោយបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមជាមួយកុងទ័រឌីជីថល។ ខណៈព័ត៌មានលម្អិតផេ្សងទៀត ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ៕