មិនមែនលំៗទេ! ឡានចិន NIO សាកភ្លើងម្តងអាចជិះបាន ១ពាន់គ.ម រីឯតម្លៃធូរជាង Tesla ឆ្ងាយ

5403

បងប្អូនយើងមួយចំនួនប្រាកដជាបានដឹងហើយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NIO របស់ប្រទេសចិន ជាក្រុមហ៊ុនមួយដែលកំពុងទទួលបាននូវការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាមិនចាញ់ Tesla ឡើយ និងជាពិសេសអ្វីដែលលើសនោះគឺទាក់ទងនឹងបច្ចេកវិទ្យាសាកភ្លើងផ្លាស់ប្តូរអាគុយអគ្គិសនីប្រភេទ Swapping ដោយចំនាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ក្រោយពេលចូលទៅក្នុងទូរនៃការផ្លាស់ប្តូរ។

កាលពីដើមឆ្នាំ២០២១ កន្លងទៅនេះក្រុមហ៊ុន NIO បានបញ្ចេញរថយន្ត Sedan របស់ខ្លួន NIO eT7 សម្រាប់ប្រកួតប្រជែងជាមួយ រថយន្ត Tesla Model S ដែលមានតម្លៃត្រឹមតែជិត ៧ម៉ឺនដុល្លារប៉ុណ្ណោះ ខណះ Tesla Model S មានតម្លៃចាប់ពីជាង ១២ម៉ឺនដុល្លារឯណោះ (តម្លៃទីផ្សារប្រទេសចិន)។ រថយន្ត NIO eT7 នេះមានប្រវែងសរុប ៥ ០៩៨ម.ម៉ គម្លាតកង់មុខ-ក្រោយ ៣ ០៦០ម.ម៉ និងទទឹង ១ ៩៨៧ម.ម៉។

Sponsored

បើនិយាយពីរូបរាងរបស់ម៉ូដែលនេះពិតជាស្អាតខ្លាំងណាស់ ចង្កៀងមុខបំពាក់មកដោយអំពូល dual-beam LED ភ្លើងបំភ្លឺពេលថ្ងៃរចនាជា ២ ខ្សែដាច់ចេញពីគ្នា double-dash ទំនើបស៊ីវីល័យ និងចង្កៀងខាងក្រោយមួយជា LED មួយខ្សែយ៉ាងវែងតែម្តងលក្ខណៈប្រដេញ ដោយភ្លើងទាំងអស់នេះជាប្រភេទ Smart Lighting Interaction គឺមានភាពទំនើប និងឆ្លាតវៃ។ ផ្នែកខាងក្នុងរឹតតែមិនបាច់និយាយតែម្តង គឺការរចនាយ៉ាងទាក់ទាញ និងផ្តល់នូវផាសុកភាពបំផុត។

កុងទ័រជំនាន់ថ្មីប្រភេទឌីជីថល NIO’s 2nd generation digital cockpit ទំហំ ១០,២អុីញ ដំណើរការឆ្លងឆ្លើយជាមួយ NOMI នៅផ្នែកកណ្តាលដើម្បីបញ្ជារមុខងារផ្សេងៗ យ៉ាងទំនើប។ អេក្រង់កំសាន្តប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ អេក្រង់ AMOLED ទំហំ ១២,៨អុីញ ភ្ជាប់មុខងារទំនើបៗ និងឆ្លាតវៃជាច្រើន រួមជាមួយឧបករណ៌បំពងសម្លេង ២៣ចំណុច កម្លាំង ១ ០០០វ៉ាត់។

ឥឡូវយើងចូលដល់កន្លែងដែលអស្ចារ្យវិញម្តង រថយន្តនេះមានថាមពលអគ្គិសនីទំហំ ១៥០គីឡូវ៉ាត់ម៉ោង អាចជិះបានចម្ងាយ ១ ០០០គ.ម បើយោងតាមកំរឹតស្តង់ដារ New European Driving Cycle (NEDC)។ ផ្តល់នូវផាសុកភាពខ្ពស់បំផុតនោះដោយសារបច្ចេកវិទ្យា 4D Dynamic Control ដែលប្រើប្រាស់ប៊ូមខ្យល់ដ៏ឆ្លាតវៃ។ ក្រៅពីនេះ NIO ក៏មិនចោលដែរនូវបច្ចេកវិទ្យា NAD (NIO Autonomous Driving) ដែលយើងនឹងបង្ហាញជូនបងប្អូននៅពេលក្រោយ។

រថយន្តនេះគ្រោងនឹងបញ្ចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២២។ ហើយក្រុមហ៊ុន NIO ត្រូវបានគេហៅថាជា Tesla ទី២ ចុះចំណែកបងប្អូនយល់យ៉ាងណាដែរ?

Sponsored