ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មូលហេតុអ្វីជំរុញឲ្យ BMW មិនបោះបង់ការផលិតរថយន្ដដើរដោយថាមពលអុីដ្រូសែន?

មូលហេតុអ្វីជំរុញឲ្យ BMW មិនបោះបង់ការផលិតរថយន្ដដើរដោយថាមពលអុីដ្រូសែន?

នៅពេលក្រុមហ៊ុន BMW បានដាក់បង្ហាញនូវរថយន្ត X5 ជំនាន់ទីប្រាំកាលពីសប្តាហ៍មុន ពួកគេបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយតែរថយន្ដនេះជាជម្រើសប្រើប្រាស់ថាមពលអុីដ្រូសែន ក្នុងចំណោមប្រព័ន្ធថាមពលជាចម្រុះជាច្រើនទៀត។ ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់មួយនេះបានឲ្យដឹងថា សម្រាប់ម៉ូឌែល iX5 ដើរដោយថាមពលអ៊ីដ្រូសែន នឹងអាចដាក់លក់នៅក្នុងឆ្នាំ ២០២៨ ប៉ុន្តែមិនទាន់បានបញ្ជាក់លម្អិតថានឹងមានលក់នៅក្នុងប្រទេសណាខ្លះនោះទេ។

យ៉ាងណាមិញនេះក្រោយការដាក់បង្ហាញពីរថយន្ដប្រើប្រាស់ថាមពលអុីដ្រូសែន BMW ត្រូវបានគេមើលឃើញថាកំពុងផ្ដោតសំខាន់លើបច្ចេកវិទ្យា ដែលពួកគេបានខិតខំតស៊ូយ៉ាងខ្លាំងអស់រយៈពេលជាយូរមកហើយដើម្បីទទួលបានការគាំទ្រ។ បើនិយាយទៅវាខុសប្លែកពីឡានអគ្គិសនីត្រូវបានគាំទ្រដោយបណ្តាញស្ថានីយសាកថ្មលឿនជាសាធារណៈកំពុងពង្រីកខ្លួនយ៉ាងរហ័ស និងមានខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ខណៈរថយន្ដប្រើថាមពលអុីដ្រូសែនកំពុងស្ថិតក្នុងលក្ខណៈពិសោធន៍ ហើយក៏មិនទាន់មានការប្រើប្រាស់បានទូលំទូលាយនៅឡើយទេ  ខណៈស្ថានីយចាក់បំពេញឥន្ធនៈអុីដ្រូសែនក៏មានចំនួនតិចតួចស្តើង ហើយមាននៅក្នុងទីផ្សារមួយក្តាប់តូចប៉ុណ្ណោះ។

California to fall short of 100 hydrogen fueling stations by 2020ក្រឡេកមកមើលទីផ្សារគាំទ្ររថយន្ដប្រើប្រាស់ថាមពលអុីដ្រូសែន នៅទឹកដីសហរដ្ឋអាមេរិកមាន ស្ថានីយចាក់បំពេញឥន្ធនៈអុីដ្រូសែនជាសាធារណៈទាំង ៤៧ កន្លែង គឺស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទាំងអស់។ គិតត្រឹមឆ្នាំមុន ស្ថានីយចាក់បំពេញឥន្ធនៈអ៊ីដ្រូសែនច្រើនជាង ៨០% នៅលើពិភពលោក គឺមានទីតាំងស្ថិតនៅក្នុងប្រទេសត្រឹមតែប្រាំប៉ុណ្ណោះ រួមមាន៖ ប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, បារាំង និងអាល្លឺម៉ង់។ បើប្រៀបធៀបស្ថានីយអ៊ីដ្រូសែនគឺមានចំនួនតិចតួចជាងឆ្ងាយ បើធៀបទៅនឹងស្ថានីយប្រេងឥន្ធនៈ ឬស្ថានីយសាកថ្មរថយន្ដអគ្គិសនិ ហើយនេះជាហេតុផលមួយផ្នែកដែលធ្វើឲ្យរថយន្តដើរដោយថាមពលអុីដ្រូសែន របស់លក្រុមហ៊ុន Toyota, Honda និង Hyundai បានខិតខំតស៊ូយ៉ាងខ្លាំងលើវិថីនេះ ប៉ុន្តែនៅតែមិនអាចសម្រេចបាននូវបរិមាណលក់ដ៏ច្រើនគួរឲ្យកត់សម្គាល់ណាមួយឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចុះទីផ្សាររថយន្ដអុីដ្រូសែនជួបការលំបាកយ៉ាងនេះ ហេតុអ្វីបានជាក្រុមហ៊ុន BMW នៅតែបន្តដើរលើវិថីបច្ចេកវិទ្យាមួយនេះទៀត? នៅពេលដែលការផលិតថាមពលកកើតឡើងវិញពីខ្យល់ និងពន្លឺព្រះអាទិត្យមានការកើនឡើងខ្លាំង បណ្តាញអគ្គិសនី នឹងត្រូវការមធ្យោបាយបន្ថែមទៀតដើម្បីរក្សាទុកថាមពលទាំងនោះ សម្រាប់ប្រើប្រាស់នៅពេលដែលត្រូវការចាំបាច់ពិតប្រាកដ។ ទោះបីជាអាគុយផ្ទុកថាមពលខ្នាតធំ កំពុងជួយសម្រាលការងារធ្ងន់ៗទាំងនោះបានយ៉ាងច្រើនរួចទៅហើយក្តី ប៉ុន្តែក្រុមហ៊ុន BMW បានអះអាងថា អ៊ីដ្រូសែនក៏ជាជម្រើសមួយដែលអាចរស់រវើកបានផងដែរ។

លោក Philip Koehn នាយកផ្នែកខ្សែសង្វាក់ផលិតកម្មរថយន្តនៃក្រុមហ៊ុន BMW Group បានមានប្រសាសន៍ថា នៅពេលដែលការរក្សាទុកថាមពលអុីដ្រូសែនកាន់តែមានប្រជាប្រិយភាព វានឹងជំរុញឲ្យមានកំណើនហេដ្ឋារចនាសម្ព័ន្ធស្ថានីយចាក់បំពេញឥន្ធនៈ ដែលអាចជួយគាំទ្រដល់រថយន្តនានាបាន។ លោក Koehn បានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍សម្ពោធរថយន្ត X5 នៅទីក្រុង Spartanburg រដ្ឋ South Carolina កាលពីសប្តាហ៍មុនថា៖ «សេដ្ឋកិច្ចអុីដ្រូសែនប្រសិនបើ និងនៅពេលដែលវាអភិវឌ្ឍឡើង គឺទំនងជាខ្លាំងណាស់ថានឹងដើរទន្ទឹមគ្នាជាមួយនឹងថាមពលកកើតឡើងវិញ។ លើសពីនេះទៅទៀត អុីដ្រូសែនអាចរក្សាទុកថាមពលបានក្នុងបរិមាណយ៉ាងមហាសាល»។ ដោយសារតែការសំឡឹងមើលឃើញវែងឆ្ងាយនេះហើយ ជាហេតុធ្វើឲ្យក្រុមហ៊ុន BMW នៅតែបន្ដតស៊ូអភិវឌ្ឍន៍រថយន្ដដើរដោយថាមពលអុីដ្រូសែន។

ក្រុមហ៊ុនផលិតរថយន្តមួយចំនួននៅសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្នកំពុងប្រើប្រាស់សមត្ថភាពផលិតអាគុយឡានអគ្គិសនី ដែលនៅសល់លើសតម្រូវការរបស់ពួកគេ ដើម្បីបង្កើតជាអាគុយផ្ទុកថាមពលដែលមានទំហំប៉ុនកុងតឺន័រដឹកទំនិញ។ អុីដ្រូសែនក៏អាចដើរតួនាទីប្រហាក់ប្រហែលគ្នានេះដែរ ហើយវាត្រូវបានប្រើប្រាស់រួចទៅហើយសម្រាប់ការរក្សាទុកថាមពល និងជាប្រភពថាមពលបម្រុងដោយក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងទីតាំងឧស្សាហកម្មមួយចំនួន។ គោលការណ៍សមហេតុផលគឺមានទម្រង់បែបនេះ នៅពេលថាមពលដែលនៅសល់លើសពីខ្យល់ និងពន្លឺព្រះអាទិត្យ ត្រូវបានបំប្លែងទៅជាអុីដ្រូសែនដោយប្រើប្រាស់ម៉ាស៊ីនបំបែកធាតុទឹកដោយអគ្គិសនី បន្ទាប់មកអ៊ីដ្រូសែននោះត្រូវបានរក្សាទុកក្នុងធុង។ ថាមពលនោះអាចត្រូវបានបំប្លែងត្រឡប់ទៅជាថាមពលអគ្គិសនីវិញនៅពេលក្រោយ និងដាក់ពង្រាយទៅកាន់ទីកន្លែងណាដែលត្រូវការចាំបាច់ មិនថាតែសម្រាប់រថយន្តដើរដោយថាមពលអ៊ីដ្រូសែន, ការដឹកជញ្ជូនទំនិញ ឬការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មដូចជាឡានលើកទំនិញនោះឡើយ។

នៅលើរថយន្ដ iX5 នេះជាដំណើរការរបស់ប្រព័ន្ធកោសិកាឥន្ធនៈអុីដ្រូសែន រថយន្តនេះមានស៊ីឡាំងចំនួនប្រាំពីរដើម្បីរក្សាទុកអុីដ្រូសែនក្នុងទម្ងន់សរុបប្រាំពីរគីឡូក្រាម។ បន្ទាប់មក កោសិកាឥន្ធនៈនឹងយកអ៊ីដ្រូសែនដែលបានរក្សាទុកនោះ ទៅផ្សំជាមួយអុកស៊ីសែនពីខ្យល់ខាងក្រៅ នៅក្នុងដំណើរការគីមីអគ្គិសនី ដែលបង្កើតជាថាមពលអគ្គិសនីសម្រាប់ជំរុញម៉ូទ័រ។ ប្រព័ន្ធកម្លាំងម៉ាស៊ីនកោសិកាឥន្ធនៈរបស់វា ត្រូវបានសហការអភិវឌ្ឍឡើងជាមួយក្រុមហ៊ុន Toyota ដែលជាអ្នកត្រួសត្រាយផ្លូវបច្ចេកវិទ្យានេះនៅលើរថយន្ដ Toyota Mirai។

ក្រុមហ៊ុន BMW បានឲ្យដឹងថា រថយន្ត SUV ដើរដោយថាមពលអុីដ្រូសែននេះនឹងផ្តល់ចម្ងាយបើកបររហូតដល់ ៧៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP ហើយការចាក់បំពេញឥន្ធនៈអុីដ្រូសែនគឺមានល្បឿនលឿនប្រហាក់ប្រហែលនឹងឡានប្រើសាំងដែរ ដោយធុងអ៊ីដ្រូសែនអាចចាក់ពេញក្នុងរយៈពេលតិចជាងប្រាំនាទី។ ក្រុមហ៊ុន BMW បានបន្ថែមទៀតថា វាក៏ជារថយន្តគ្រួសារ ដំណើរការដោយប្រព័ន្ធវិលកង់ទាំងបួន ដំបូងបង្អស់នៅលើពិភពលោក ដែលដើរដោយថាមពលអុីដ្រូសែន ខុសពីរថយន្ដ Hyundai Nexo និង Honda CR-V e:FCEV គឺសុទ្ធតែដំណើរដោយប្រព័ន្ធបើកបរដោយកង់មុខ ខណៈដែល Toyota Mirai ដំណើរដោយប្រព័ន្ធបើកបរដោយកង់ក្រោយ។

សម្រាប់ក្រុមហ៊ុន BMW មិនមែនជាក្រុមហ៊ុនតែមួយគត់  ដែលបដិសេធមិនបោះបង់ចោលបច្ចេកវិទ្យាអុីដ្រូសែននោះឡើយ។ បន្ថែមលើការត្រៀមដាក់លក់រថយន្ត iX5 ដើរដោយថាមពលអុីដ្រូសែនស៊េរីថ្មីក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនក៏បានប្រើប្រាស់ឡានលើកទំនិញ (forklifts) និងរទេះភ្លើងអូសទាញតូចៗ (trolley trains) ដើរដោយថាមពលអ៊ីដ្រូសែនរាប់រយគ្រឿង នៅឯរោងចក្ររបស់ខ្លួនក្នុងទីក្រុង Spartanburg អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Hyundai Motor Group ក៏បាននឹងកំពុងប្រើប្រាស់ឡានដឹកទំនិញធុនធំ ម៉ូឌែល Xcient ប្រើកោសិកាឥន្ធនៈអុីដ្រូសែនរបស់ខ្លួន នៅឯរោងចក្រក្នុងរដ្ឋ Georgia សម្រាប់ការដឹកជញ្ជូនក្នុងចម្ងាយជិតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម