រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃជាងគេនាពេលបច្ចុប្បន្ន នៅលើទីផ្សារសហរដ្ឋអាមេរិកមានដូចជាម៉ូដែល Nissan Leaf និងរថយន្ត Mini Cooper SE ដែលវាមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ។
យ៉ាងណាក្ដីនាពេលខាងមុខនេះក្រុមហ៊ុនរថយន្ត Kandi America នឹងដាក់លក់រថយន្តអគ្គិសនី Model K27 ក្នុងតម្លៃត្រឹម ១៩ ៩៩៩ដុល្លារប៉ុណ្ណោះ ដែលនេះមិនទាន់គិតបញ្ចូលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់រថយន្តអគ្គិសនីផង បើគិតបញ្ចូលប្រាក់ឧបត្ថម្ភ ៧ពាន់ដុល្លារទៀត តម្លៃនៅសល់ត្រឹម ១២ ៩៩៩ដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុន Kandi មានមូលដ្ឋានក្នុងទីក្រុង Garland រដ្ឋ Texas ដែលបានផលិតរថយន្តអគ្គិសនីលក់ក្នុងប្រទេសចិនតាំងពីឆ្នាំ ២០១២។ ក្រៅពីរថយន្ត Model K27 នេះ ក្រុមហ៊ុនក៏មានរថយន្តមួយទៀតគឺ Model K23 ដែលមានតម្លៃចាប់ពី ២៩ ៩៩៩ដុល្លារ។
រថយន្ត Model K27 មានកម្លាំងត្រឹម ២៧សេះ ប៉ុណ្ណោះ ដែលមានល្បឿនអតិបរមា ១០១ គ.ម/ម៉។ វាមានបំពាក់អាគុយទំហំ ១៧,៦៩ kWh ដែលចំណាយពេល ៧ម៉ោងក្នុងការសាក ហើយពេលសាកពេញអាចជិះបានចម្ងាយ ១៦០ គីឡូម៉ែត្រ៕