រថយន្ដអគ្គិសនី Ford Bronco ដាក់លក់នៅចិនតម្លៃតែជាង៣មុឺនដុល្លារ អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ

រថយន្ត SUV បែប Off-road Ford Bronco កើតចេញពីការផលិតរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា JMC-Ford ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើមចន្លោះពី ៣៦ ៩០០ ដល់ ៤០ ១៦០ ដុល្លារ សម្រាប់ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV)។ ចំណែកម៉ូឌែលប្រើសាំងលាយអគ្គិសនី EREV មានតម្លៃចាប់ផ្តើមចន្លោះពី ៣២ ៦៤០ ដល់ ៣៨ ៧៤០ ដុល្លារ។

រថយន្ត Ford Bronco ប្រភេទអគ្គិសនីត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន បានរក្សានូវរចនាបថដូចទៅនឹងរថយន្ត Bronco Sport ប្រភេទប្រើសាំងផលិតនៅសហរដ្ឋអាមេរិកដែរ។ ចំពោះរូបរាងខាងក្រៅត្រូវបាឌីស្សាញបែបជ្រុងៗ លេងបន្ថែមជាមួយចង្កៀងមុខធំ ភ្ជាប់មកជាមួយដៃទ្វារដែលអាចលាក់ចូលក្នុង។ ទន្ទឹមនឹងនេះ Ford Bronco ផលិតនៅចិននេះត្រូវបានបំពាក់ឧបករណ៍ចាប់សញ្ញាចំនួន ៣៤ គ្រាប់ដំណើរការដោយបន្ទះឈីប Nvidia Orin X ចំនួនពីរគ្រាប់ ផ្ដល់មកជាមួយកម្លាំងគណនាខ្ពស់រហូតដល់ ៥០៨ TOPS។

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ០២៥មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៨២៥មមិងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៥០មម។ បន្ថែមពីនេះ Ford Bronco ត្រូវវបានរចនាឲ្យមានកម្ពស់ពីបាតដីប្រវែង ២២០ មីលីម៉ែត្រ ដើម្បីធ្វើយ៉ាងណាដើម្បីវាស័ក្ដិសមក្នុងការបើកបរបែប Off-road ។

ចំពោះកម្រិតសមត្ថភាពវិញរថយន្ត Ford Bronco ប្រភេទអគ្គិសនីសុទ្ធ (BEV) ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងសរុបបាន ៣៣២ គីឡូវ៉ាត់ ឬ ៤៤៥ សេះ ភ្ជាប់មកជាមួយកញ្ចប់អាគុយ LFP ទំហំ ១០៥.៤ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរបាន ៦៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

ចំណែកប្រភេទប្រើសាំងលាយអគ្គិសនី EREV ដំណើរការដោយមានម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ អាចផលិតកម្លាំង ១១០ គីឡូវ៉ាត់ ឬ ១៤៨ សេះ ដើរតួជាម៉ាសុីនសាកថ្ម ភ្ជាប់មកជាមួយកញ្ចប់អាគុយប្រភេទ Blade Battery របស់ក្រុមហ៊ុន BYD ទំហំ ៤៣.៧ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២២០ គីឡូម៉ែត្រ ប៉ុន្តែប្រើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយ ១ ២២០ គីឡូម៉ែត្រ។ សម្រាប់ម៉ូទ័រអគ្គិសនីចំនួន២ របស់រថយន្ដនេះអាចផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ឬ ៤១៦ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលមកដល់ផ្នែកខាងក្នុង Ford Bronco រចនាមកជាមួយប្លង់កៅអីចំនួន ៥។ សម្រាប់ប្រភេទ Option ខ្ពស់បំផុត កៅអីនៅផ្នែកខាងក្រោយអាចបញ្ជាដោយប្រើថាមពលអគ្គិសនី និងមានមុខងារកម្តៅ (Heated seats)។ ចំណែកកៅអីខាងមុខវិញ មានទាំងមុខងារកម្តៅ និងមុខងារខ្យល់ត្រជាក់។ ឃ្លុបក្រោយរបស់រថយន្ត Bronco អាចផ្ទុកអីវ៉ាន់បានរហូតដល់ ៤៩៧ លីត្រ។ សម្រាប់ប្រភេទអគ្គិសនីសុទ្ធ (BEV) ក៏មានឃ្លុបខាងមុខ អាចផ្ទុកបាន ១៦០ លីត្របន្ថែមទៀតផងដែរ។

នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ, កុងទ័រឌីជីថលនិងស្លាយកុងទ័រ AR-HUD ទំហំ ៧០ អុីញ។ រថយន្តនេះក៏មានផ្តល់ជូននូវទូទឹកកកចំណុះ ៧.៥ លីត្រ, ឧបករណ៍បំពងសម្លេងចំនួន ២១ គ្រាប់, ពោងសុវត្ថិភាព ១០ គ្រាប់ និងដំបូលកញ្ចក់ (Panoramic sunroof) ផងដែរ។ ចំពោះប្រព័ន្ធបញ្ជានៅក្នុងរថយន្ដ ដំណើរការដោយបន្ទះឈីប Snapdragon 8255៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម