រថយន្តភីកអាប់ MG Extender ចេញលក់នៅប្រទេសថៃក្នុងតម្លៃជាង ១ម៉ឺនដុល្លារ

កាលពីជិតមួយសប្តាហ៍កន្លងទៅ ម៉ូឌែលភីកអាប់ MG Extender នេះត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ក្នុងកម្មវិធី Bangkok Motor Show ស្របពេលនេះដែរ MG ក៏បានធ្វើការប្រកាសអំពីតម្លៃរបស់វា ដែលតម្លៃខ្ពស់បំផុតគឺ ៣៣ ៦០០ ដុល្លារ។

Extender គឺជាម៉ូដែលភីកអាប់ថ្មី ដែលត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងប្រទេសថៃ ដែលទីផ្សាររថយន្តភីកអាប់ដ៏ខ្លាំងមួយនៅអាស៊ីអាគ្នេយ៍ ដែលនឹងត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ Toyota Hilux, Isuzu D-Max, Ford Ranger, Nissan Navara, Mitsubishi Trition, Mazda BT-50 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនារបស់ MG Extender គឺមានលក្ខណៈប្លែក និងប្រកួតប្រជែង ដោយបំពាក់ជាមួយនឹង ប៉ាណាក្រូមមួយផ្ទាំងធំ, ចង្កៀងមុខឡើងចុះដោយស្វ័យប្រវត្តិប្រភេទ LED, អំពូលភ្លើងពេលថ្ងៃ LED និងចង្កៀងក្រោយរាងអក្សរស៊ីប្រភេទ LED។

ផ្នែកខាងក្នុងបានលេងខ្លួនជាពីរពណ៌គឺ ពណ៌ត្នោត និងពណ៌ខ្មៅ ដោយបំពាក់កៅអីខាងមុខ ដែលអាចបត់បាន ១៥០ ដឺក្រេ, Smart Key, ប៊ូតុង Start, ឧបករណ៍បំពងសំឡេងចំនួន ៦គ្រាប់ និងអេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១០ អ៊ីញ ដែលអាចភ្ជាប់ជាមួយបច្ចេកវិទ្យា i-Smart បញ្ជាដោយសំឡេង, កម្មវីធី MG i-Smart, Apple CarPlay និងកាមេរ៉ាជុំវិញឡាន។

ហើយវាក៏ភ្ជាប់មកនូវប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធរក្សាគន្លងផ្លូវ, Hill Start Assist, Hill Descent Control, ហ្វ្រាំង ABS / EBD / BA, Traction control, Electronic Balance ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់។

រថយន្ត MG Extender បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦១សេះ និងកម្លាំងរមួល ៣៧៥ញូតុនម៉ែត្រ។ វាផ្តល់ជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ ក៏ដូចជាប៉ុងមួយ និងប៉ុងពីរផងដែរ។

MG Extender ឆ្នាំ២០២១ លក់នៅប្រទេសថៃដោយមានតម្លៃចាប់ពី ១៨​ ០០០ ទៅ ៣៣ ៦០០ ដុល្លារ ជាមួយជម្រើសពណ៌ខាងក្រៅ ៥ និងជម្រើសតួខ្លួន ២ ប្រភេទ គឺ Double Cab និង Giant Cab៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម