រថយន្តអគ្គិសនី គឺជារថយន្តដែលដំណើរការលើម៉ូទ័រអេឡិចត្រូនិច ជំនួសឱ្យម៉ាស៊ីនចំហេះខាងក្នុងដែលបង្កើតថាមពលដោយការដុតចំហេះនៃប្រេងឥន្ធនៈ និងឧស្ម័ន។ រថយន្តអគ្គីសនីត្រូវបានបំពាក់ដោយថាមពលភ្លើង ហើយវាត្រូវបានចាត់ទុកថាជាដំណោះស្រាយបច្ចេកទេសនៃជម្រើសដ៏ល្អដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នសម្រាប់ប្រទេសជាច្រើន។ ប្រទេសជាច្រើនកំពុងប្រើប្រាស់រថយន្តអគ្គីសនី និងមានភាពពេញនិយម ប៉ុន្តែនៅកម្ពុជាគឺកំពុងអភិវឌ្ឍនិងលើកទឹកចិត្ត។ រដ្ឋាភិបាលកំពុងជំរុញបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់រថយន្តអគ្គីសនី ព្រោះវាជួយដល់បរិស្ថាន និងកាត់បន្ថយពីការចំណាយថ្លៃប្រេងឥន្ធនៈ។ នៅអឺរ៉ុបពួកគេទើបតែបានប្រកាសថានឹងមានតែមានរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ចំនួនរថយន្តអគ្គីសនីមានការកើនឡើងនៅលើដងផ្លូវប្រទេសកម្ពុជារួចហើយ។ ក្រុមហ៊ុនជាច្រើនបានបើកដំណើរការនូវអគារតាំងបង្ហាញរថយន្តក្នុងរាជធានីភ្នំពេញ និងដាក់បង្ហាញនូវរថយន្តអគ្គីសនីជាង ១០ប្រភេទផងដែរ។ ក្នុងអំឡុងពេលម៉ាករថយន្តជាច្រើនដែលនាំចូលរថយន្តអគ្គីសនីមកលក់ក្នុងប្រទេសកម្ពុជា ពេលនេះ MG ក៏មានវត្តមានរថយន្តអគ្គីសនីដែលគឺរថយន្ត MG ZS EV ជាមួយនឹងការរចនាដ៏ល្អ និងពណ៌ដ៏ទាក់ទាញ បូករួមជាមួយមុខងារប្រើប្រាស់ដ៏ទំនើប។ រថយន្ត MG អគ្គីសនីនឹងមិនវាយលុកទីផ្សាដូចព្យុះនោះទេ ប៉ុន្តែវានឹងក្លាយជារថយន្តដែលកែសម្រួលដល់ការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងមានភាពសន្សំសំចៃខ្ពស់។
ការប្រើប្រាស់រថយន្តអគ្គិសនីគឺមានន័យថា លោកអ្នកអាចរំលងការចំណាយខ្ពស់នៃប្រេងឥន្ធនៈដែលជាចំណុចមួយនៃបញ្ហាធំបំផុតរបស់មនុស្សនាពេលបច្ចុប្បន្ន។ សម្រាប់រថយន្តអគ្គីសនីការចំណាយថាមពលត្រូវបានវាស់ដោយថាតើថាមពលអគ្គីសនីប្រើប្រាស់ប៉ុន្មានគីឡូវ៉ាត់ម៉ោង (kWh) ដែលចំណាយក្នុង ១០០គីឡូម៉ែត្រ។ ឧទាហរណ៍រថយន្ត MG ZS EV ដំណើរការប្រកបដោយប្រសិទ្ធភាពជាមួយនឹងថាមពលអគ្គីសនីមួយពេញ ៤៤,៥គីឡូវ៉ាត់ម៉ោង និង ១៥គីឡូវ៉ាត់ម៉ោង/១០០គីឡូម៉ែត្រ ។ ការសាកថ្មលឿនរបស់ MG ZS EV ជាមួយនឹងថាមពលថ្ម ១ពេញចំណាយពេលចន្លោះពី ១,៥ ឬ ២ ម៉ោង ហើយវាអាចបើកបរបានចម្ងាយប្រហែល ៣៤០គីឡូម៉ែត្រ។ បើតាមអ្នកបច្ចេកទេសរបស់ស្ថានីយ៍សាកអគ្គិសនីនៅ Caltex បាននិយាយអំពីថ្លៃសេវាក្នុងការសាករថយន្តអគ្គីសនីគឺតម្លៃ ០,៣៥ដុល្លារ ក្នុង ១គីឡូវ៉ាត់ម៉ោង។ ដូច្នេះប្រសិនបើអ្នកគណនាអំពីការចំណាយទឹកប្រាក់វិញ នោះអ្នកចំណាយប្រហែល ១៥,៥៧ដុល្លារ សម្រាប់ការសាកអគ្គីសនី១ពេញលើរថយន្ត MG ZS EV ហើយប្រៀបធៀបទៅនឹងសាំងវាពិតជាសន្សំសំចៃខ្លាំងណាស់។ ទន្ទឹមនឹងនេះការឡើងនូវថ្លៃប្រេងឥន្ធនៈនៅកម្ពុជា ដែលមានតម្លៃ ១,៤១ ដុល្លារក្នុងមួយលីត្រ។
ក្រឡេកទៅមើលការដំណើរការនៃការបញ្ចូលថាមពលអគ្គីសនីគឺមានភាពល្អប្រសើរខ្លាំងណាស់ក្នុងប្រទេសកម្ពុជា បណ្តាញសាកអគ្គីសនីសាធារណៈត្រូវបានពង្រីកដោយរដ្ឋាភិបាល ដូច្នេះវាជាការងាយស្រួលសម្រាប់ការសាកអគ្គីសនីលើរថយន្តរបស់អ្នកបានលឿន និងរហ័ស។ ម្ចាស់រថយន្តគ្រាន់តែបើករថយន្តទៅកាន់ស្ថានីយ៍សាកថ្ម ហើយបំពេញព័ត៌មានរថយន្តជាមួយបុគ្គលិក ហើយអាចគិតប្រាក់តាមរបៀបងាយស្រួល។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មានស្ថានីយ៍សាកថ្មចំនួន៤កន្លែងដែលឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងស្ថានីយ៍ចំនួន ១០ផ្សេងទៀត នឹងត្រូវបានផ្តល់ដោយមូលនិធិវិនិយោក្រុមហ៊ុនឯកជនផ្សេងៗទៀត។ ដូច្នេះនេះជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់រថយន្តអគ្គីសនី។
ទោះបីពេលនេះមិនទាន់មានការប្រើប្រាស់រថយន្តអគ្គីសនីបានទូលំទូលាយនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែវានឹងត្រូវបានអភិវឌ្ឍ និងយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ជាច្រើនរបស់រថយន្តអគ្គីសនីនាពេលអនាគត ដោយសារការរំពឹងទុកនៃតម្លៃរថយន្តអគ្គីសនីនឹងកាន់តែល្អសម្រាប់ប្រជាជនកម្ពុជាអាចមានលទ្ធភាពទិញបាន៕