
ក្រុមហ៊ុន Toyota Motor Corporation បានដាក់សម្ពោធរថយន្តអគ្គីសនី bZ4X Touring ម៉ូឌែលថ្មី រចនាឡើងដើម្បីផ្សារភ្ជាប់សមត្ថភាពបើកបរបានចម្ងាយឆ្ងាយរហូតដល់ ៧៣៤ គីឡូម៉ែត្រ ពេលសាកថ្មមួយពេញ និងបានអភិវឌ្ឍក្នុងពង្រីកលំហផ្ទុកអីវ៉ាន់កាន់តែធំទូលាយជាងមុន។
ជាមួយនេះ Toyota bZ4X Touring នេះបានចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសជប៉ុន ជាតម្លៃប្រហែល ៣៨,០០០ ដុល្លារ សម្រាប់ម៉ូឌែល Z FWD ប្រើប្រាស់ប៉ុងមុខ ខណៈម៉ូឌែល Z 4WD ប្រើប៉ុងពីរ មានតម្លៃប្រហែល ៤២,៥០០ ដុល្លារ។ មែនទែនរថយន្ដនេះត្រូវបានអភិវឌ្ឍបន្ថែមលើគ្រោងឆ្អឹងរបស់រថយន្ដ bZ4X ដែលមានស្រាប់ ដោយពង្រីកតួខ្លួនឲ្យវែងជាងមុន បង្កើនទំហំឃ្លុបដាក់អីវ៉ាន់ឲ្យកាន់តែធំ និងកែលម្អសមត្ថភាពនៃការសាកថ្មឲ្យកាន់តែប្រសើរក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់។ ក្រុមហ៊ុន Toyota បានបង្កើតរថយន្តនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទូទាំងពិភពលោក ដែលចង់បានរថយន្តអគ្គិសនីសមស្របសម្រាប់ការកម្សាន្តជាលក្ខណៈគ្រួសារ និងសកម្មភាពនៃការកម្សានន្ដក្រៅផ្ទះ (Outdoor)។
បើនិយាយពីទំហំរូបរាងខាងក្រៅរបស់រថយន្ត bZ4X Touring មានប្រវែងបណ្តោយ ៤ ៨៣០ មីលីម៉ែត្រ, ទទឹង ១ ៨៦០ មីលីម៉ែត្រ, កម្ពស់ ១ ៦៧៥ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៥០ មីលីម៉ែត្រ។ ទន្ទឹមគ្នាក្រុមហ៊ុន Toyota បានរចនាផ្នែកខាងក្នុង ដើម្បីផ្តល់ផាសុកភាពដល់អ្នកដំណើរ ដោយក្នុងនោះចន្លោះទំនេរពីក្បាលទៅដំបូលផ្នែកខាងក្រោយមានប្រវែង ១១៣ មីលីម៉ែត្រ ខណៈចម្ងាយចន្លោះកៅអីជួរមុខនិងជួរក្រោយមានប្រវែង ១ ០០០ មីលីម៉ែត្រ។ ជាលទ្ធផល កាប៊ីនរថយន្តអាចផ្ទុកអ្នកដំណើរបាន ៥ នាក់ ដោយមិនប៉ះពាល់ដល់ទំហំផ្ទុកអីវ៉ាន់នោះទេ។
ងាកមើលកន្លែងដាក់អីវ៉ាន់ផ្នែកខាងក្រោយមានប្រវែងបណ្តោយ ១ ០៩២ មីលីម៉ែត្រ និងកម្ពស់ ៨៥០ មីលីម៉ែត្រ ចំពោះទំហំឥវ៉ាន់នៅផ្នែកខាងក្រោយ នៅពេលបត់កៅអីខាងក្រោយចុះកើនឡើងដល់ ១ ៨៥០ មីលីម៉ែត្រ។ បន្ថែមពីនេះ វាក៏មានដងថ្លឹងបញ្ជាដែលបំពាក់នៅក្បែរទ្វារបិទបើកខាងក្រោយ។
ចំពោះរថយន្ត Toyota bZ4X Touring ផ្ដល់មកជាមួយជម្រើសពីរម៉ូឌែលផ្សេងគ្នា។ ក្នុងនោះម៉ូឌែលប្រើប្រាស់ប៉ុងមុខ (FWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយ ផ្គួបផ្សំជាមួយអាគុយលីចូម-អីយ៉ុង (Lithium-ion) ទំហំ ៧៤.៦៩ គីឡូវ៉ាត់ម៉ោង។ រីឯម៉ូឌែលប៉ុងពីរ (4WD) អាចផលិតកម្លាំងសរុបបាន ២៨០ គីឡូវ៉ាត់។
ជាមួយប្រព័ន្ធគ្រប់គ្រងប៉ុងពីរ (4WD) ថ្មីរបស់ Toyota ធ្វើការបែងចែកកម្លាំងរុញច្រានរវាងអ័ក្សកង់មុខ និងកង់ក្រោយ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃសំបកកង់នីមួយៗ។ ការកំណត់នេះវាធ្វើការត្រួតពិនិត្យលើការបញ្ជាចង្កូត ព្រមទាំងល្បឿនវិលនៃកង់មុខ/ក្រោយ និងឆ្វេង/ស្តាំ។ មុខងារនេះជួយទប់ស្កាត់ភាពមិននឹងនរនៅលើផ្ទៃផ្លូវដែលមិនស្មើគ្នា និងជួយឲ្យការបត់បែនកាន់តែប្រសើរឡើងនៅលើផ្លូវដែលមានព្រិល និងផ្លូវលំបាកៗ (Off-road)។
Toyota bZ4X Touring មានមុខងារ Battery Preconditioning ជាមួយប្រព័ន្ធនេះវានឹងជួយកែសម្រួលសីតុណ្ហភាពរបស់កញ្ចប់អាគុយលីចូម-អីយ៉ុង មុនពេលរថយន្តទៅដល់កន្លែងសាកថ្មល្បឿនលឿន។ នៅពេលដែលទីតាំងស្ថានីយសាកថ្មត្រូវបានកំណត់ទុកជាមុននៅក្នុងប្រព័ន្ធ Navigation រថយន្តនឹងដំណើរការមុខងារកែសម្រួលសីតុណ្ហភាពនេះដោយស្វ័យប្រវត្តិ ផ្អែកលើពេលវេលាប៉ាន់ស្មាននៃការទៅដល់។ មុខងារនេះអនុញ្ញាតឲ្យសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលប្រហែល ២៨ នាទី ជាមួយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង ១៥០ គីឡូវ៉ាត់ បើទោះបីជាស្ថិតក្នុងសីតុណ្ហភាព -១០ អង្សាសេ ក៏ដោយ៕


















