ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ត REEV ប្រើម៉ាស៊ីនសាំងលាយអាគុយ អ៊ីចឹងក៏ត្រូវប្តូរប្រេងម៉ាស៊ីនដែរ ប៉ុន្តែតើអាចជិះដល់ ៣ម៉ឺនគីឡូ ឬ៣ឆ្នាំ ចាំប្តូរប្រេងម្តងបានទេ?

រថយន្ត REEV ប្រើម៉ាស៊ីនសាំងលាយអាគុយ អ៊ីចឹងក៏ត្រូវប្តូរប្រេងម៉ាស៊ីនដែរ ប៉ុន្តែតើអាចជិះដល់ ៣ម៉ឺនគីឡូ ឬ៣ឆ្នាំ ចាំប្តូរប្រេងម្តងបានទេ?

រថយន្តប្រភេទ REEV គឺជារថយន្តដែលប្រើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ ប៉ុន្តែម៉ាស៊ីនរបស់រថយន្តប្រភេទនេះ មិនមែនជាអ្នកបង្វិលកង់ឡើយ ដោយវាដើរតួជាម៉ាស៊ីនភ្លើងតែមួយប៉ុណ្ណោះ។ អ៊ីចឹងហើយការផ្លាស់ប្តូរប្រេងម៉ាស៊ីនសម្រាប់ REEV ក៏មិនកំណត់រយៈពេលលឿនដូចរថយន្តសាំងសុទ្ធ Hybrid ឬ PHEV ដែលគ្រឿងមេកានិចរបស់ពួកវា ត្រូវធ្វើការធ្ងន់នោះទេ ពោលគឺក្រុមហ៊ុនចិនចំនួន២ រួមមាន Li Auto និង Xiaomi បានចេញមកបញ្ជាក់ថា ការផ្លាស់ប្តូរប្រេងម៉ាស៊ីនសម្រាប់រថយន្ត REEV របស់ខ្លួន គឺអាចពន្យារពេលដល់ ៣ឆ្នាំ ឬ ៣ម៉ឺនគីឡូម៉ែត្រឯណោះ ចាំធ្វើការផ្លាស់ប្តូរចេញម្តង។

គួរដឹងថា រថយន្ត REEV ដែលក្រុមហ៊ុនទាំងពីរនេះបានលើកឡើងរួមមាន រថយន្ត Li Auto L8 និង L9 ឯ Xiaomi គឺជារថយន្ត SkyNomad N70 និង N90។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការអអះអាងពីរយៈពេលយូរ និងច្រើនម៉ឺនគីឡូ សម្រាប់ការផ្លាស់ប្តូរប្រេងម៉ាស៊ីនបែបនេះ គឺដើម្បីចង់បង្ហាញអំពីការចំណាយទាបលើការថែទាំ ពោលគឺសឹងតែទាបប្រហែលនឹងរថយន្តអគ្គិសនីសុទ្ធទៅហើយ ដែលជាយុទ្ធសាស្រ្តទាក់ទាញក្នុងការលក់រថយន្តប្រភេទ REEV។ យ៉ាងណាក៏ដោយ ការជ្រើសរើសប្រេងម៉ាស៊ីនសម្រាប់រថយន្តប្រភេទនេះ គឺត្រូវធ្វើតាមការកំណត់របស់ក្រុមហ៊ុន។

សូមជម្រាបថា រថយន្ត REEV គឺជាអ្នកដោះស្រាយក្តីកង្វល់ចំពោះចម្ងាយបើកបររបស់រថយន្តអគ្គិសនីសុទ្ធ និងការខ្វះកន្លែងសាកភ្លើង។ នៅពេលថាមពលអាគុយជិតអស់ នោះម៉ាស៊ីនសាំងនៃរថយន្ត REEV នឹងដំណើរការវិញម្តងក្នុងការសាកអាគុយ ដើម្បីបង្កើនចម្ងាយបើកបរថែមទៀត ដោយមិនចាំបាច់ខាតពេលត្រូវឈប់ដើម្បីសាកភ្លើងដូចរថយន្តអគ្គិសនីសុទ្ធនោះទេ។ មិនតែប៉ុណ្ណោះ ការបើកបរលើរថយន្ត REEV គឺមានផាសុខភាព និងផ្តល់បទពិសោធន៍បើកបរដូចនឹងរថយន្តអគ្គិសនីសុទ្ធដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម