ក្រុមហ៊ុន Klassen Luxury ដែលជាក្រុមអាល្លឺម៉ង់ល្បីឈ្មោះមួយ បានបង្ហាញអំពីគម្រោងការកែច្នៃរថយន្ត Rolls-Royce Phantom ស៊េរីថ្មី មកជារថយន្តពាសដែកនិងជាប្រភេទរថយន្ត Limo មានតួខ្លួនវែង។
ប្រវែងពីកង់មុខទៅកង់ក្រោយនៃរថយន្តប្រភេទពិសេសគឺមានដល់ទៅ ៤៨២២ ម.ម និងប្រវែងសរុប ៧០៣២ ម.ម ឯណោះ លើស Phantom EWB ប្រមាណ ១០៥០ ម.ម។ រថយន្តនេះគឺមានបំពាក់អាវក្រោះការពារគ្រាប់កម្រិត B7 ដែលអាចការពារអ្នកដំណើរក្នុងរថយន្តបានយ៉ាងល្អប្រសើរបំផុត។
រថយន្តនេះនឹងមានទម្ងន់ធ្ងន់ដល់ទៅ ២,៦ តោន ដោយសារមានពាសនូវដែក។ ចំណែកម៉ាស៊ីនក្រុមហ៊ុន Klassen មិនបានផ្លាស់ប្ដូរនោះទេ ដោយនៅតែប្រើម៉ាស៊ីន ៦,៧៥ លីត្រ Twin-Turbo ១២ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៦៣ សេះ។
ចំពោះរថយន្តនេះអតិថិជនអាចធ្វើការកុម្ម៉ង់ ហើយនឹងទទួលបានក្នុងរយៈពេល ៦ ខែពីក្រោយការកុម្ម៉ង់ ដែលវាមានតម្លៃប្រមាណ ៣,៣ លានដុល្លារ៕