រថយន្ត Subaru CROSSTREK ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិត Subaru បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Subaru CROSSTREK ស៊េរីឆ្នាំ ២០២៣ ថ្មី ដំបូង​ក្នុង​ពិភពលោក​​ជាមួយ​នឹង​​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ Subaru EyeSight system ជំនាន់​ចុងក្រោយក្នុង​ប្រទេស​ជប៉ុន​។

Subaru CROSSTREK គឺជាឈ្មោះថ្មីរបស់ Subaru XV ដែលនឹងប្រើប្រាស់ទូទាំងពិភពលោក ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Subaru Global Platform ដែលត្រូវបានកែលម្អដើម្បីបង្កើនភាពរឹងមាំនៃរចនាសម្ព័ន្ធរាងកាយ។

ពាណិជ្ជកម្ម

ផ្នែកខាងក្រៅនៃរថយន្ត Subaru CROSSTREK ស៊េរីឆ្នាំ ២០២៣ ដែលបានបង្ហាញនៅក្នុងប្រទេសជប៉ុន ត្រូវបានរចនាឡើងវិញទាំងស្រុង មក​ជាមួយ​នឹង​ប៉ាណាមុខ និងចង្កៀងមុខ​ LED ត្រូវបាន​រចនា​ថ្មី​ ខណៈពេលដែលផ្នែកចំហៀងត្រូវបានតុបតែងជាមួយនឹងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយរចនាថ្មីដែលរចនារាងអក្សរ C ផងដែរ។

រីឯនៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១១,៦ អ៊ីញដូចគ្នានៅលើ Levorg និង WRX S4 លើសពីនេះ បន្ថែមនូវភាពស្ងាត់ដល់ផ្នែកខាងក្នុងជាមួយការបំពាក់ដោយបន្ទះកាត់បន្ថយសំឡេង រួម​ទាំង​ការ​អភិវឌ្ឍ​រចនាសម្ព័ន្ធ​កៅអី​ថ្មី ក្នុងការកាត់​បន្ថយ​រំញ័រ​ផងដែរ។

នៅផ្នែកសុវត្ថិភាព ប្រព័ន្ធកាំមេរ៉ា Wild-angle mono Camera ត្រូវបានធ្វើការជាមួយប្រព័ន្ធ EyeSight system ជំនាន់ថ្មី។ សម្រាប់​ការ​ចាប់​យកសញ្ញាឧបសគ្គពី អ្នកធ្វើដំណើរ ​និង​អ្នក​ថ្មើរ​ជើង​កាន់​តែ​ប្រសើរឡើងជាមួយ​នឹង​កាំមេរ៉ា​ភ្លោះ (Stereo Camera Unit) ដែល​អាច​ចាប់​វត្ថុ​ទាំង​ជិត​ និង​ឆ្ងាយ​យ៉ាង​មាន​ប្រសិទ្ធភាព។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ e-Boxer និងម៉ូទ័រអគ្គិសនី ដោយក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីននៅឡើយទេ ភ្ជាប់ជាមួយប្រអប់លេខ Lineartronic CVT ដ៏ល្បីរបស់ Subaru និងប្រព័ន្ធបើករបរ Symmetrical AWD។

ការចេញលក់នៅលើទីផ្សារនៃរថយន្ត Subaru Crosstrek គ្រោងនឹងដាក់លក់នៅឆ្នាំ ២០២៣។ ការលក់នឹងចាប់ផ្តើមពីប្រទេសជប៉ុន ហើយចាប់ផ្តើមចេញជាបណ្តើរៗទៅកាន់ទីផ្សារពិភពលោកផ្សេងទៀត៕

Sponsored