រថយន្ត SUV កំពុង​ត្រូវប៉ាន់ ប៉ុន្តែ McLaren ប្រកាសថានឹងមិនផលិតរថយន្តប្រភេទនេះឡើយ

ប្រភេទ​រថយន្ត​តួ​ខ្ពស់​ដែល​គេ​និយាយ​ហៅ​ថា​ SUV នោះ គឺ​ជា​រថយន្ត​មួយ​ប្រភេទ​ដែល​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង អាច​ជួយ​​រក​ចំណូល​បាន​ក្រាស់​ក្រែល​ជូន​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​នីមួយៗ។ ក្រុមហ៊ុន​ដូច​ជា​ Lamborghini និង Rolls-Royce ដែល​ធ្លាប់​មិន​អើពើ​ផលិត​រថយន្ត​នេះ នា​ពេល​នេះ​កំពុង​ជួប​បញ្ហា​លើ​ការ​ផ្គត់ផ្គង់​រថយន្ត​ SUV តម្លៃ​ថ្លៃ​​របស់​ពួក​គេ​ដល់​អតិថិជន។ ក្រុមហ៊ុន Ferrari និង Aston Martin ក៏​ងាក​មក​ផលិត​រថយន្ត​ប្រភេទ​នេះ​ដែរ។

ប៉ុន្តែ​ក្រុមហ៊ុន​​មួយ នៅ​រក្សា​គោល​ជំហរ​មិន​ផលិត​រថយន្ត SUV ដដែល នោះ​គឺ McLaren។ ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ​របស់​អង់គ្លេស​មួយ​នេះ នឹង​មិន​ផលិត​រថយន្ត SUV នោះ​ទេ មិន​ថា​អតិថិជន​អង្វរ​ក​យ៉ាង​ណា។

ពាណិជ្ជកម្ម

លោក Darren Goddard នាយក​ជាន់​ខ្ពស់​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន McLaren បាន​និយាយ​ថា​​រថយន្ត SUV គឺ​អត់​ឡូយ​សោះ​ហ្មង។ លោក​បាន​លើក​ឡើង​ថា ៖ “មិន​មាន​អ្វី​ឡូយ​នោះ​ទេ​អំពី​រថយន្ត SUV។ ពួក​គេ​ (ក្រុមហ៊ុន​ដទៃ) គ្រាន់​តែ​ចង់​បាន​ចំនួន​លក់។ វា​មិន​បរិសុទ្ធ​​ចេញ​ពី​ចិត្ត​នោះ​ទេ។ បើ​គិត​អំពី​អំពី​ផលិតផល​ផលិត​ច្រើន​ និង​ផលិត​ផល​ផ្ដាច់​មុខ​ គឺ​វា​រាង​ខុស​គ្នា​ច្រើន​”។

បើ​និយាយ​អំពី​ចំនួន​លក់ McLaren គឺ​ឃើញ​ថា​មាន​ការ​កើន​ឡើង​ចំនួន​លក់ ៤៣,៩% នៅ​ឆ្នាំ ២០១៨ ដែល​អាច​លក់​រថយន្ត​បាន​សរុប ៤ ៨០៦ គ្រឿង។ ចំនួន​នេះ​គឺ​ប្រសើរ​ជាង Rolls-Royce ដែល​​នៅ​ឆ្នាំ​ឡើង​ខ្ពស់​បំផុត ក្រុមហ៊ុន​នេះ​លក់​រថយន្ត​បាន ៤ ១០៧ គ្រឿង៕

Sponsored