សាខារថយន្តប្រណីតរបស់ Hyundai គឺ Genesis មានផែនការធំសម្រាប់ឆ្នាំខាងមុខនេះ ដោយមានគម្រោងការប្រកាសចេញរថយន្តប្រភេទ SUV បន្ថែមទៀត ហើយម៉ូដែលទីបីនឹងជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ។
ប្រភេទរថយន្ត SUV របស់ Genesis គឺចាប់ផ្ដើមជាមួយម៉ូដែល GV80 ដែលទើបប្រកាសចេញកាលពីថ្មីៗនេះ ដោយជា SUV ដំបូងរបស់ក្រុមហ៊ុន។ ឆ្នាំនេះក៏នឹងមានការប្រកាសចេញ GV70 ដែលជា SUV ទីពីរ និងជា SUV ប្រភេទតូច ដោយវានឹងប្រើប្រាស់គ្រោងឆ្អឹងរបស់ម៉ូដែល G70 និងប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ។ សម្រាប់ SUV ទីបីនឹងជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនី ដែលអាចនឹងបង្ហាញមុខនាឆ្នាំក្រោយ។
អ្នកតំណាង Genesis បាននិយាយដែរថា រថយន្ត SUV នីមួយៗនឹងមានលក្ខណៈខុសប្លែករៀងៗខ្លួន ដោយមានអត្តសញ្ញាណផ្ទាល់ខ្លួន ហើយក៏នឹងមិនមានទំហំធំ ឬតូចជាងគ្នាខ្លាំងនោះឡើយ។ ក្រុមហ៊ុនបាននិយាយថាផែនការបញ្ចេញរថយន្តប្រភេទ Coupe ត្រូវទុកចោលសិន ដោយសារទំនោរនៃទីផ្សារមានការផ្លាស់ប្ដូរ៕