
រថយន្ដ Xpeng GX បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់នៅក្នុងប្រទេសចិនហើយ ដោយបានបង្ហាញនូវជម្រើសម៉ាស៊ីនពីរប្រភេទគឺ ជម្រើសប្រើសាំងលាយអគ្គិសនី (EREV) និងជម្រើសប្រើអគ្គិសនីសុទ្ធ (BEV)។ ចំពោះទំហំរូបរាងខាងក្រៅ រថយន្តនេះមានប្រវែងតួខ្លួនរហូតដល់ ៥.៣ ម៉ែត្រ និងបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ អាចឈានទៅដល់កម្រិត L4 ជាមួយកម្លាំងគណនានៃបន្ទះឈីប (Computing power) រហូតដល់ ៣ ០០០ TOPS។
Xpeng GX SUV ខ្នាតធំដំបូងបង្អស់របស់ប្រេននេះ ដែលមានរូបរាងខាងក្រៅស្រដៀងទៅនឹងរថយន្ត Range Rover។ រថយន្ត SUV នេះប្រើប្រាស់ដៃទ្វារប្រភេទលិបចូលក្នុងនិងមានរន្ធបឺតខ្យល់នៅផ្នែកខាងមុខ។ នៅផ្នែកខាងក្នុង Xpeng GX ផ្តល់ជូននូវកៅអីចំនួន ៦ រចនាជាមួយប្លង់កៅអី ២+២+២។ បើនិយាយពីទ្វារឃ្លាំងក្រោយរចនាបើកជាពីរផ្នែក (លើ-ក្រោម) ដូចទៅនឹងរថយន្ត Range Rover ដែរ។ ចំពោះទម្ងន់ទទេរបស់រថយន្តនេះគឺចន្លោះពី ២ ៦៩០ ដល់ ២ ៨៩០ គីឡូក្រាម ចំណែកឯទម្ងន់សរុបពេលផ្ទុកពេញគឺចន្លោះពី ៣ ២៤០ ដល់ ៣ ៤០៥ គីឡូក្រាម។
សម្រាប់កម្រិតសមត្ថភាពវិញ ម៉ូឌែលអគ្គិសនីប្រើប៉ុងពីរ (AWD) Xpeng GX បានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីផ្នែកខាងមុខជាប្រភេទ YS230XY01G01E ផលិតដោយ Xpeng ផ្ទាល់ អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ (២១៥ សេះ) ខណៈកម្លាំងសរុបអតិបរមានៃរថយន្តមានរហូតដល់ ៤៣០ គីឡូវ៉ាត់ (៥៧៧ សេះ)។ ជាមួយគ្នា Xpeng GX បានបំពាក់ជាមួយកញ្ចប់ថ្មប្រភេទ Ternary NMC ផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន មិនទាន់បានបង្ហាញពីទំហំផ្ទុកនៃថ្មនេះនៅឡើយទេ។ ចំពោះម៉ូឌែលប្រើអគ្គិសនីសុទ្ធអាចបើកបរក្នុងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រឡេកមកមើលរថយន្ត Xpeng GX ម៉ូឌែលប្រើសាំងលាយអគ្គិសនី (EREV) ផ្ដល់មកជាមួយជម្រើសប្រើប៉ុងពីរ ប៉ុណ្ណោះ។ សម្រាប់ម៉ូទ័រអគ្គិសនីផ្នែកខាងមុខអាចកម្លាំងអតិបរមា ១៦០ គីឡូវ៉ាត់ ចំណែកឯម៉ូទ័រផ្នែកខាងក្រោយផលិតកម្លាំងបាន ២១០ គីឡូវ៉ាត់ (២៨២ សេះ) ខណៈកម្លាំងសរុបម៉ូឌែល EREV អាចផលិតកម្លាំងបាន ៣៧០ គីឡូវ៉ាត់ (៤៩៦ សេះ)។
ខុសពីម៉ូឌែលប្រើអគ្គិសនីសុទ្ធ ដោយក្នុងនោះសម្រាប់ម៉ូឌែលប្រើសាំងលាយអគ្គិសនី បំពាក់ជាមួយកញ្ចប់ថ្មប្រភេទ LFP ទំហំ ៦៣.៣ គីឡូវ៉ាត់ម៉ោង (kWh) ផលិតដោយក្រុមហ៊ុន CALB អនុញ្ញាតឲ្យរថយន្តនេះបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ ខណៈរយៈចម្ងាយមិនទាន់តត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ យ៉ាងមិញយោងតាមសម្រាប់តម្លៃតាមការប៉ាន់ស្មានរថយន្ត Xpeng GX នឹងត្រូវដាក់លក់ក្នុងទីផ្សារនៅឆ្នាំនេះ ក្នុងតម្លៃចន្លោះពី ៥៧ ៦៥០ ដល់ ៧២ ០៧០ ដុល្លារ៕



















