នៅទីបំផុត រថយន្ត Honda HR-V ជំនាន់ទី២ បានលេចមុខជាផ្លូវការហើយ ខណៈវាមានការផ្លាស់ប្តូរថ្មីទាំងស្រុង ប្លែកខ្លាំងអស់ទាស់តែម្តង។
ក្រុមហ៊ុន Honda បានបញ្ជាក់ច្បាស់ហើយថា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និង កាណាដា ម៉ូដែល HR-V ឆ្នាំ២០២៣ នឹងប្រើគ្រោងឆ្អឹងដូចទៅនឹង ម៉ូដែល Civic ជំនាន់ទី១១។
ក្នុងនោះ ប្រវែងពីកង់មុខទៅកង់ក្រោយរបស់វា នឹងវែងជាងមុនប្រហែល ៥អ៊ីញ បើប្រៀបធៀបជាមួយ HR-V ជំនាន់មុន ដែលមានន័យថា វានឹងផ្តល់ទំហំកាប៊ីន និងកន្លែងដាក់អីវ៉ាន់ធំជាងមុន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញឲ្យដឹងពីកម្លាំងម៉ាស៊ីនរបស់ HR-V ឆ្នាំ២០២៣ ឡើយ ប៉ុន្តែវានឹងប្រើម៉ាស៊ីនពី Civic ដូច្នេះ ដែលមានដូចជា ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និង ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៨០សេះ ផងដែរ។
យ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតបន្ថែម ក្រុមការងារ Cambo Auto នឹងធ្វើការចុះផ្សាយនាពេលក្រោយ នៅពេលក្រុមហ៊ុន Honda ប្រកាសចេញជាផ្លូវការ៕