[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេហ រូបភាពប៉ាតង់ថ្មីពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ប្រទេសចិននៃ បានបង្ហាញពីរថយន្ត MG 5 និង MG 5 Scorpio ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែមុខមាត់ថ្មី មុនពេលការចេញលក់ក្នុងពេលឆាប់ៗនេះ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ MG5 ថ្មីបង្ហាញពីការធ្វើឲ្យប្រសើរឡើងនៅផ្នែកសំខាន់ៗ ជាពិសេសការរចនាផ្នែកខាងក្រៅភ្ជាប់មកជាមួយនឹងប៉ាណាខាងមុខទំហំធំជាងមុន ការរចនារន្ធខ្យល់ទាំងសងខាងមើលទៅមានភាពស៊ីវីល័យ ផ្នែកខាងក្រោយក៏ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ផងដែរ ដោយចង្កៀងប្រភេទ LED ត្រូវបានរចនាថ្មី ក៏ដូចជាកាងក្រោយរចនាថ្មីជាមួយនឹងបំពង់ស៊ីមាំងភ្លោះ និងថាសកង់ក៏ត្រូវបានរចនាឡើងវិញដែរ។
ចំពោះនៅផ្នែកម៉ាស៊ីន ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ DVVT អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ប្រអប់លេខឆ្លាតវៃ iCVT ៨ វគ្គ
- ម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ TGi អាចផលិតកម្លាំងបាន ១៧៣ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ និងប្រអប់លេខដៃ ៥ ។ លើសពីនេះទៅទៀត ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព រថយន្តបានបំពាក់ជាមួយប្រព័ន្ធប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃគឺ MG pilot ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ៕