សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត Lamborghini ក្លែងក្លាយតម្លៃជាង ៤ ម៉ឺនដុល្លារ

សមត្ថកិច្ច​ប្រេស៊ីល​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​រថយន្ត​​ក្លែង​ក្លាយ​មួយ​កន្លែង។ ទីតាំង​នេះ​បង្កើត​ឡើង​ឪពុក និង​កូន​ប្រុស​ម្នាក់ ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ Santa Catarina ហើយ​ឪពុក​និង​កូន​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​ផលិត​រថយន្ត​ក្លែងក្លាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ក្លែង​ក្លាយ​ដែល​ផលិត​មាន​ដូច​ជា Ferrari និង Lamborghini ដែល​ឪពុក​​​កូន បាន​ដាក់​លក់​លើ​បណ្ដាញ​សង្គម​ក្នុង​តម្លៃ​ចន្លោះ​ពី ៤៥ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ។

ពាណិជ្ជកម្ម

គេ​មិន​បាន​បង្ហាញ​ឡើយ​ថា​ម៉ាស៊ីន​ប្រភេទ​ថា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​រថយន្ត​ស្ព័រ​ក្លែង​ក្លាយ​នេះ។ យ៉ាងណាក្ដី​បើ​តាម​រូបភាព​គេ​ឃើញ​ថា​រថយន្ត​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​ចុង​ក្រោយ មាន​លាប​ថ្នាំ​រលើបរលោង កៅអី​មាន​​ដេរ​ប៉ាក់​ដោយ​ឡូហ្គោ​​ ហើយ​ក៏​មាន​ឡូហ្គោ​ជា​ច្រើន​សម្រាប់​បិទ​ផង​ដែរ។

ទីតាំង​ផលិត​រថយន្ត​ក្លែង​ក្លាយ​នេះ​ត្រូវ​បាន​បង្ក្រាប​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ទាំង ២។ នៅ​ពេល​ចុះ​បង្ក្រាប​គេ​រឹបអូស​បាន​រថយន្ត​ ៨ គ្រឿង ហើយ​មិន​មាន​ការ​បញ្ជាក់​ថា​កន្លង​មក​រថយន្ត​ក្លែង​ក្លាយ​លក់​ចេញ​បាន​ប៉ុន្មាន​គ្រឿង​នោះ​ទេ៕​

Sponsored