សមាជិក Blackpink សហការជាមួយ Porsche ឌីស្សាញម៉ូឌែលរថយន្តដ៏ពិសេសសម្រាប់ខ្លួនឯង

[បរទេស] កំពូលតារា K-pop ដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូង Jennie Kim ដែលសមាជិកក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ Blackpink កាលពីពេលថ្មីៗនេះបានទទួលកូនសោរក្លាយជាម្ចាស់រថយន្ត Porsche Taycan 4S Cross Turismo for Jenny Ruby Jane ដែលត្រូវបានផលិត និងឌីស្សាញឡើងយ៉ាងពិសេសសម្រាប់ខ្លួនឯងផ្ទាល់។

ជាមួយការទទួលបានរថយន្តដ៏ពិសេសនេះ តារាចម្រៀង Jennie Kim បានធ្វើការផ្ទាល់ជាមួយអ្នកជំនាញមកពីក្រុម Sonderwunsch របស់ Porsche ក៏ដូចជាផ្នែករចនា Manufaktur និង Style Porsche ដើម្បីឌីស្សាញនូវរថយន្ត ‘Taycan 4S Cross Turismo ដែលលេចធ្លោជាងរថយន្តរបស់អ្នកដទៃ។

ពាណិជ្ជកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន Porsche Korea លោក Holger Gerrmann បាននិយាយថា “វាគឺជាបទពិសោធន៍ដ៏គួរឱ្យរំភើបមួយដែលបានធ្វើការជាមួយ Jennie ពីក្រុមចង្រៀងនារីដ៏ល្បី Blackpink លើគម្រោង Sonderwunsch ដំបូងរបស់ Porsche Korea” ។ “JENNIE គឺជាបុគ្គលតំណាងសកលលោកដ៏មានឥទ្ធិពលដែលតំណាងឱ្យអ្នកដឹកនាំគំនិតច្នៃប្រឌិតវ័យក្មេង និង “Generation Z” នៅក្នុងប្រទេសកូរ៉េ។

ក្រឡេកទៅមើលការ​តុបតែង​ផ្នែក​ខាងក្រៅ​របស់​រថយន្ត​គឺមានការប្រើប្រាស់ពណ៌ខ្មៅ Metallic Black ប៉ុន្តែអ្វីដែលលេខធ្លោបំផុតនោះ​គឺ​ថាសកង់ Exclusive Design ទំហំ ២១អ៊ីញ ដែលប្រើប្រាស់​ពណ៌ដ៏ទាក់ទាញ អោយ​ឈ្មោះថា Meissenblue។ ព្រមទាំងមានភ្ជាប់ជាមួយអក្សរ ‘Electric-អគ្គិសនី’ ដែលបង្ហាញអំពីអត្តសញ្ញាណរបស់ Taycan នៅលើទ្វារផ្នែកអ្នកបើកបរ, តែមនៅផ្នែកខាងក្រោយ និងរូបពពកដែលឌីស្សាញជាលក្ខណៈផ្ទាល់ខ្លួននៅលើផ្នែក B-Pillar ប្រើប្រាស់ពណ៌ផ្ទៃមេឃស្រាលដូចគ្នា។

បន្ថែមជាមួយទ្វារ​មាន​ភ្លើង​រំលេចចេញជាពាក្យ ‘Jennie Ruby Jane’ នៅ​ខាង​មុខ និង​ ‘NiNi’ នៅ​ខាង​ក្រោយ និងមានភ្លើងបញ្ចាំងទៅលើដីជារូបឡូហ្គូពពកផងដែរ។ កាន់តែពិសេស​បន្ថែម​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាប៊ីន​រថយន្ត​ជាមួយ​នឹង​ការ​រួម​បញ្ចូល​គ្នា​នៃ​ពណ៌​ខ្មៅ Crayon និង Meissenblue រួមជាមួយការភ្ជាប់នូវរូបឡូហ្គូពពកនៅលើកៅអីអង្គុយ ខណៈដែលគម្របការពាររថយន្តដ៏ពិសេសក៏ត្រូវបានប្រគល់ជូនផងដែរ។

Jennie បានរៀបរាប់ថា “ការដែលអាចសហការគ្នាយ៉ាងយកចិត្តទុកដាក់លើរថយន្ត Porsche ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ” ។ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានរចនារូបភាពនៃឡូហ្គូពពក។ ខ្ញុំចំណាយពេលច្រើនក្នុងការធ្វើដំណើរជុំវិញពិភពលោក មេឃ និងពពក គឺជាដៃគូធ្វើដំណើររបស់ខ្ញុំ និងជានិមិត្តសញ្ញាដ៏ស្រស់ស្អាតនៃបទពិសោធន៍ដ៏អស្ចារ្យៗទាំងនេះ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ពួកវា ហើយ​ក៏មានបំណង​ក្នុង​ការ​រក្សារ​គំនូរ​ធម្មជាតិ​ទាំង​នេះ»៕

Sponsored