ប្រធានាធិបតីសហរដ្ឋអាមេរិចលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) របស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីជួយបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង។
ផែនការនេះត្រូវបានសម្របសម្រួលជាមួយប្រទេសឥណ្ឌា ចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងចក្រភពអង់គ្លេស ហើយវាជាគម្រោងទីមួយ ដោយប្រេងឆៅចំនួន ៥០លានបារ៉ែល នឹងត្រូវបូមចេញពីអាងស្តុកប្រេង SPR ខណៈពេលអាងនេះអាចផ្ទុកប្រេងសរុប ៧២៧លានបារ៉ែល។
រដ្ឋាភិបាលសហរដ្ឋអាមេរិចបានធ្វើការស្វែងរកដំណោះស្រាយអស់ជាច្រើនខែ ក្នុងការជួយអោយទីផ្សារតម្លៃប្រេងមានលំនឹង។ បើយោងតាមការចុះផ្សាយពីគេហទំព័រ CNBC បានលើកឡើងថាជាមធ្យមឧស្ម័នមួយហ្គាឡុង គឺមានតម្លៃ ៣,៤០៩ដុល្លារ កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយវាបានកើនឡើងពីតម្លៃ ២,១១ដុល្លារកាលពីឆ្នាំមុន។
កាលពីខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិចលោក Joe Biden បានអំពាវនាវឱ្យអង្គការ OPEC និងសម្ព័ន្ធមិត្តផលិតប្រេងរបស់ខ្លួន ឱ្យបង្កើនទិន្នផល ក្នុងការប្រឈមមុខនឹងការកើនឡើងតម្លៃ។ ប៉ុន្តែ OPEC បានសម្រេចចិត្តរក្សាសន្យាដែលបានព្រមព្រៀងគ្នាពីមុនក្នុងការបង្កើនផលិតកម្មចំនួន ៤០០ ០០០ បារ៉ែលក្នុងមួយខែ។
នៅខែមេសា ឆ្នាំ ២០២០ ក្រុមនេះបានធ្វើការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមកដើម្បីដកជិត ១០ លានបារ៉ែលក្នុងមួយថ្ងៃចេញពីទីផ្សារ ដោយសារជំងឺរាតត្បាតបានកាត់បន្ថយតម្រូវការផលិតផលប្រេង។ អ្នកផលិតផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកក៏បានផ្អាកការផលិតផងដែរ ដោយសារតម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបដែលមិនធ្លាប់មានពីមុនមក។
ចាប់តាំងពីពេលនោះមក តម្រូវការបានស្ទុះងើបឡើងវិញ ខណៈពេលដែលអ្នកផលិតមានការយឺតយ៉ាវក្នុងការបញ្ជូនប្រេងទៅកាន់ទីផ្សារ ដែលបានជំរុញឱ្យតម្លៃប្រេងឆៅឡើងដល់កម្រិតខ្ពស់បំផុត៕