ស្ងាត់ៗ! ឡានភីកអាប់ BYD Shark PHEV ចេញលក់នៅប្រទេសប្រេស៊ីលហើយ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ ជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារប្រទេសប្រេស៊ីល បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ BYD Shark PHEV ជាមួយតម្លៃលក់ចាប់ពី ៦៦ ៧០០ ដុល្លារ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កម្ពស់ ១ ៩២៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម និងកម្ពស់ពីដីទៅបាត ២១០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី ដោយប្រើដុំសាកទំហំ ៥៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្នុងនោះ រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៨៣៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

គួរឲដឹងថា ទីផ្សារបន្ទាប់ដែលនឹងទទួលបានរថយន្តភីកអាប់មួយនេះ គឺជាទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម