
នេះគឺជារឿងដ៏គួរឲភ្ញាក់ផ្អើលមួយនៅក្នុងពិភពរថយន្ត នៅពេលដែលបុរសម្នាក់ដែលមានឈ្មោះថា DinMann បានសម្រេចចិត្តធ្វើរឿងដ៏អស្ចារ្យមួយដែលអ្នកដ៏ទៃមិនហ៊ានសូម្បីតែគិត ដោយគាត់គឺបានយកឡាន BMW M4 Competition xDrive ស៊េរីឆ្នាំ ២០២២ ដែលមានតម្លៃខ្ទង់ ១០ម៊ីនដុល្លារមួយគ្រឿង មកកែច្នៃទៅជាឡានប្រភេទ Ute ដែលជាឡានមានទ្រុងដឹកអីវ៉ាន់នៅផ្នែកខាងក្រោយ។

សម្រាប់រថយន្ត BMW M4 Competition xDrive នេះ លោក DinMann ផ្ទាល់ គឺបានទិញវាតាំងពីឆ្នាំ ២០២២ មកម្លេះ ដើម្បីធ្វើការកែនៅក្នុង Project របស់គាត់ ហើយគាត់គឺបានដាក់ឈ្មោះវាថា M4 Maloo ដើម្បីជិះ និងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញឡានធំៗដូចជា SEMA ជាដើម។

ក្រឡេកទៅមើលការកែច្នៃ និងរូបរាងរបស់រថយន្តនេះវិញ វាមិនមែនធ្វើឡើងលំៗនោះទេ ពោលគឺគេបានប្រើប្រាស់នូវដែកបង្កប់ក្នុងតួខ្លួនយ៉ាងរឹងមាំ។ ជាពិសេស គឺស្រោបដោយ Carbon Fiber ស្ទើរតែទាំងស្រុង ហើយចំណែកម៉ាស៊ីនវិញ ក៏ត្រូវបានតម្លើងកម្លាំងបន្ថែមផងដែរ។

បច្ចុប្បន្ន ឡាន M4 Maloo នេះ គឺទើបតែជិះបានចម្ងាយប្រហែលតែ ១២,០០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយវាក៏កំពុងត្រូវបានម្ចាស់ផ្ទាល់ប្រកាសដាក់លក់នៅក្នុងតម្លៃ ១៤៥,០០០ដុល្លារ ដើម្បីយកលុយទៅធ្វើ Project ឡានថ្មីផងដែរ៕














