![vvv](https://camboauto.com/wp-content/uploads/2022/06/vvv-696x392.jpeg)
[ទីផ្សារបរទេស] រថយន្ត Escalade-V ដែលជារថយន្តថ្លៃដាច់គេរបស់ Cadillac គ្រោងដាក់លក់ដេញថ្លៃនៅថ្ងៃទី០១ ខែកក្កដា សម្រាប់រថយន្តមួយគ្រឿងដំបូងគេ ដោយការដេញថ្លៃនឹងធ្វើឡើងដោយ Barrett-Jackson ហើយថវិកាដែលទទួលបាននឹងយកបរិច្ចាគដល់សកលវិទ្យាល័យ Pensole Lewis។
រថយន្តមួយគ្រឿងដំបូងគេនេះនឹងមានលេខកូដសម្គាល់ VIN 001 ដោយវាមានប្រើប្រាស់ម៉ាស៊ីន Supercharged ៦,២លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៨២សេះ។ ម៉ាស៊ីននេះភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ ដែលអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលមិនដល់ ៤,៤វិនាទី។
ក្រៅពីមានម៉ាស៊ីនខ្លាំងហើយ Escalade-V ក៏មានបំពាក់កាងមុខដែលអង់អាច និងមានប្រព័ន្ធបំពង់ស៊ីមាំងចំនួនបួន ហើយមានប្រើយ៉ាន់អាលុយមីញ៉ូមទំហំ ២២អ៉ីញ ដែលអមដោយដុំហ្វ្រាំងកម្លាំងខ្លាំង Edge Red ផងដែរ។ រថយន្ត SUV នេះក៏មាននូវបូមខ្យល់ និងមានមុខងារ Magnetic Ride Control 4.0 ដ៏ទំនើបទៀតផង។
នៅផ្នែកខាងក្នុងមានបំពាក់ឈើប្រភេទ Zebra និងអេក្រង់ OLED រាងកោង ដែលសរុបតំបន់អេក្រង់ចូលគ្នាគឺមានទំហំរហូតដល់ ៣៨អ៉ីញ ហើយមានទៅដោយប្រព័ន្ធសំឡេង AKG Studio Reference ដែលមានរន្ធបំពងសំឡេងចំនួន៣៦។
រថយន្តមួយគ្រឿងដំបូងដែលគ្រោងដាក់ដេញថ្លៃនេះ មិនមានការប៉ាន់ស្មានពីតម្លៃឡើយ ប៉ុន្តែរថយន្តនេះមានតម្លៃចាប់ពី ១៤៩ ៩៩០ដុល្លារ ជារថយន្ត Cadillac ដែលមានតម្លៃខ្ពស់ជាងគេ៕