ឡានភីកអាប់ខ្នាតតូចថ្មីរបស់ Ford ជិះ១០០គ.ម ស៊ីប្រេងតែ ៥,៨៨លីត្រ

រថយន្ត Ford Maverick ដែលជារថយន្តភីកអាប់ខ្នាតតូច បានបង្ហាញវត្តមានជាផ្លូវការហើយជាមួយម៉ាស៊ីនប្រភេទ Hybrid និងមានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Ford បានហៅរថយន្ត Maverick ថ្មីនេះថាជារថយន្តភីកអាប់ Hybrid ពេញលេញជាស្តង់ដារដំបូងគេរបស់អាមេរិក និងបានអះអាងថាជារថយន្តភីកអាប់ដែលសន្សំសំចៃថាមពលបានខ្ពស់ជាងគេ ដោយមានកម្រិតស៊ីសាំងប៉ាន់ស្មានប្រមាណ ៥,៨៨លីត្រ សម្រាប់ការបើកបរ១០០គីឡូម៉ែត្រក្នុងក្រុង (គិតជាមធ្យមគឺ ៦,៣៥លីត្រ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីន Hybrid មកស្រាប់តែម្ដង ដោយមានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦២សេះ រួមជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១២៦សេះផងដែរ។ សរុបចូលគ្នាប្រព័ន្ធនេះអាចផលិតកម្លាំងបាន ១៩១សេះ ដែលអាចបើកបរបានចម្ងាយ ៨០៥គីឡូម៉ែត្រ ពេលចាក់មួយពេញ។ វាក៏មាននូវជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBoost ដែលផលិតកម្លាំងបាន ២៥០សេះ ផងដែរ។

រថយន្ត Ford Maverick ថ្មីនេះនឹងចេញលក់លើទីផ្សារនៅអំឡុងខែកញ្ញាដល់ខែវិច្ឆិកា ដោយមានជាប្រភេទ XL, XLT និង Lariat។ អតិថិជនក៏មានជម្រើសជ្រើសយកប្រភេទពិសេស First Edition រួមជាមួយនឹងកញ្ចប់ FX-4 Off-Road ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម