ឡានអគ្គិសនីប្រភេទ EREV របស់ Changan មួយនេះ អាចជិះបានលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃចាប់ពីខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Deepal G318 ស៊េរីថ្មីចុងក្រោយ ប្រភេទអគ្គិសនីលាយសាំង EREV នៅទីផ្សារប្រទេសចិន​ ជាមួយតម្លៃលក់ចាប់ពី ២៤ ១៦៧ ដុល្លារ ដល់ ៤៣ ៦៩១ ដុល្លារ ។

Deepal G318 ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០ គីឡូម៉ែត្រពីថាមពលអគ្គិសនីសុទ្ធ និងសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ដោយប្រើប្រាស់ស្ថានីយ៍ល្បឿនលឿន
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៥៧២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៩០ គីឡូម៉ែត្រពីថាមពលអគ្គិសនីសុទ្ធ និងសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ដោយប្រើប្រាស់ស្ថានីយ៍ល្បឿនលឿន និងចាក់សាំងពេញ ៦០លីត្រ អាចបើកបរបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ សម្រាបម៉ូដែលទាំង២ នេះ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥,០១០ ម.ម ទទឹង ១,៩៨៥ ម.ម កំពស់ ១,៩៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម ដែលមានការរចនាខាងក្រៅភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្លៀងមុខ-ក្រោយរាងអក្សរ ​ដំបូលមានភ្លើង LED ៤គ្រាប់ ថាសកង់ទំហំ ២០អ៉ីញ ព្រមទាំងទំពក់ដែលមានសមត្ថភាពអូសសណ្តោងបាន ១៦០០គីឡូក្រាម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កាមេរ៉ា ៥៤០ដឺក្រេ និងឧបករណ៍បំពងសំឡេង ១៦ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម