[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Voyah Dreamer ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥០ ៧០០ ដុល្លារនៅក្នុងប្រទេសចិន ។
រថយន្តប្រភេទ MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ៣១៥ ម.ម ទទឹង ១ ៩៨៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាប្រភេទ LED ទាំងអស់ ទ្វារូតចំហៀងអូតូ ព្រមទាំងបំពាក់ថាសកង់ស្ព័រផងដែរ ។ បន្ថែមពីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS 2.5 ដែលមានប្រព័ន្ធសុវត្ថិភាពចំនួន ១៤ មុខងារ និងសេនស័ររហូតដល់ ២៣ ចំនុច ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ រួមបញ្ចូលគ្នាប្រវែង ១,៤ ម៉ែត្រ គាំទ្រដោយឈីប built-in Qualcomm Snapdragon 8155 ក៏ដូចជាប្រព័ន្ធ OTA update ។ កៅអីទាំង ៣ ជួរស្រោបដោយស្បែក អាចលៃតម្រូវបាន ១២ របៀបសម្រាប់អ្នក, ៦ របៀបសម្រាប់អ្នកដំណើរខាងមុខ និង ១០ របៀបសម្រាប់កៅអីជួរទី ២ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធបញ្ជាដោយសំលេង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof និងភ្លើងលម្អ ៦៤ ពណ៌។
ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤២៩ សេះ និងកម្លាំងរមួល ៦២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៨,៧៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕