[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Lexus RZ450e ស៊េរីថ្មី នៅប្រទេសថៃ ប្រហែលជានៅក្នុងព្រឹត្តិការណ៍ BANGKOK INTERNATIONAL MOTOR SHOW 2023 លើកទី ៤៤ នៅចន្លោះថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ ត្រូវបានគេរំពឹងថានឹងមាន ២ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Luxury និង Premium ជាមួយតម្លៃលក់ប៉ាន់ស្មាន់ចាប់ពី ១២០ ៩៤៩ ដុល្លារ ដល់ ១៣៤ ៧៣២ ដុល្លារ ។ រថយន្ត Lexus RZ450e ផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA EV platform មានប្រវែងសរុប ៤ ៨០៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៦៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។
ផ្នែកខាងមុខនៃរថយន្ត Lexus RZ450e មានការរក្សាបាននៅអត្តសញ្ញាណរបស់រថយន្ត Lexus ស៊េរីថ្មី ដែលមានចង្កៀងមុខដ៏មុតស្រួចជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ប្រភេទ “check-type” ដែលតម្រង់ជួរខាងមុខរថយន្តទាំងមូល បង្កើតការរចនាកាន់តែស្វាហាប់មួយកម្រិតថែមទៀត។
Lexus RZ 450e បានយកលំនាំការរចនារថយន្តរបស់រថយន្ត Lexus LF-Z Electrified មកប្រើប្រាស់ជាពិសេសផ្នែកខាងក្រោយមានចង្កៀង LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, ការរចនាកាងជ្រែកខ្យល់ 2-layer spoiler និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញជាដើម។
រីឯលក្ខណៈពិសេសខាងក្នុងរួមមាន ដៃចង្កូតបែប yoke-style steering wheel កុងទ័រព័ត៌មាន full-LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ រន្ធម៉ាស៊ីនត្រជាក់នៅទីតាំងលើអេក្រង់កំសាន្ត ហើយក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុតរបស់ ADAS និង Lexus + 3.0 ផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនរថយន្ត រថយន្តអគ្គិសនី Lexus 450e ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីផ្នែកខាងមុខ-ក្រោយមានកម្លាំងសរុប ៣០៨ សេះ និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយមុខងារសាកថ្មល្បឿនលឿន DC អាចសាកបាន ៨០% ត្រឹមរយៈពេល ៣២ នាទីប៉ុណ្ណោះ៕